ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ លើកដំណោះស្រាយ ៣ ចំណុច ដល់អតីតបុគ្គលិកណាហ្គាវើលដ៏ ពិចារណា ដើម្បីបញ្ឈប់ការតវ៉ា
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនូវដំណោះស្រាយចំនួន ៣ ចំណុច ដល់អតីតបុគ្គលិកណាហ្គាវើលដ៏(NagaWorld) ធ្វើការពិចារណាដើម្បីបញ្ឈប់ការតវ៉ា និងងាកមករកការងារធ្វើមានប្រាក់ចំណូល ឬប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមចុះនៅថ្ងៃទី ១៣ ឧសភា នេះថា ដំណោះស្រាយ ៣ ចំណុចរួមមាន ៖
១.អតីតបុគ្គលិកណាហ្គាវើលដ៏ គួរមានជម្រើសធ្វើការងារដើម្បីមានប្រាក់ចំណូល ឬប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ (NEA) ជួយសម្របសម្រួលស្វែងរកការងារថ្មីជូនពួកគាត់។ សព្វថ្ងៃនេះមានការងាររាប់ម៉ឺនកន្លែងកំពុងត្រូវការបុគ្គលិកធ្វើការដូចជា ធនាគារ ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។
២.កូដករណាហ្គាវើលដ៏ ត្រូវបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការដោះស្រាយបញ្ចប់វិវាទការងារនេះ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់កូដករ ជៀសជាងការធ្វើកូដកម្មក្នុងរបៀបវារៈផ្សេង និងតាមការរៀបចំដោយក្រុមណាមួយ ដែលយកកូដករជាឧបករណ៍របស់គេ។
៣.ក្រសួងការងារ, ក្រុមប្រឹក្សាអាជ្ញាកណ្ដាល, និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប) បានបំពេញតួនាទីតាមសមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺ ភាគីណាមួយអាចប្តឹងទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ។
លោកបានសរសេរបន្តថា ករណីអតីតបុគ្គលិក ណាហ្គាវើលដ៏ (NagaWorld) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រឹងប្រែងសម្របសម្រួលដោះស្រាយករណីកូដករណាហ្គាវើលដ៏នេះតាមសមត្ថកិច្ច និងតួនាទី ដូចមានចែងក្នុងច្បាប់ការងារ ដោយប្រើប្រាស់យន្តការដោះស្រាយវិវាទការងារតាមការសម្របសម្រួលផ្សះផ្សាចំនួន ២ លើក ប៉ុន្តែភាគីវិវាទមិនសះជា។ ក្រសួង បានបញ្ជូនករណីនេះទៅដោះស្រាយតាមយន្តការក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្ដីសម្រេចរួចហើយផងដែរ។

ចំណែកក្រុមហ៊ុនណាហ្គាវើលដ៏ ក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារចូលគណនីធនាគាររបស់អតីតបុគ្គលិកទាំងនោះរួចរាល់ជាយូរមកហើយ។ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប) បានសម្របសម្រួលដោះស្រាយករណីនេះចំនួន ២៧ លើក តែភាគីទាំងពីរមិនមានដំណោះស្រាយបញ្ចប់វិវាទនោះទេ។
លោក កត្តា អ៊ន បានរំលឹកថា គិតត្រឹមថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្នុងចំណោមអតីតបុគ្គលិកទាំង ៣៧៣ នាក់នោះ មានអតីតបុគ្គលិកចំនួន ២៩៣ នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ៨០ នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមបុគ្គលិក ៨០ នាក់នេះ សព្វថ្ងៃមួយចំនួនបានមានការងារថ្មីធ្វើ ឯអ្នកដែលជាកូដករកំពុងបន្តការតវ៉ាសព្វថ្ងៃមានប្រហែលជាង ២០ នាក់ប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


