ព័ត៌មានជាតិ
ប្រាក់ចូលនិវត្តន៍កងទ័ព គ្រូបង្រៀន នឹងឡើងដល់ ៣លាន ៨សែនរៀល នៅឆ្នាំ២០២៥ មែនទេ?
ប៉ុន្មានថ្ងៃនេះ មានការចែករំលែកបន្តរហូតដល់ជាង ១ ០០០ ដង បន្ទាប់ពី គណនី Facebook ឈ្មោះ បងធំ អណាចក្រ បានបង្ហោះថា៖ “ប្រាក់ខែមន្រ្តីរាជការ ចូលនិវត្តន៍ក្នុង ឆ្នាំ២០២៥ កងទ័ពទទួលបាន ៣ លាន ៦ សែនរៀល ក្នុងមួយខែ គ្រូបង្រៀនទទួលបាន ៣ លាន ៨ សែនរៀល”។

ជាមួយគ្នានេះ ម្ចាស់គណនី ខាងលើ បានបង្ហោះជាបន្តបន្ទាប់ទៀត ដូចជាថា៖ “គ្រូបង្រៀន ទទួលបានប្រាក់ខែក្នុងឆ្នាំ២០២៥ គុណនឹង ៣០០% គ្រូបង្រៀនចូលនិវត្តន៍ ទទួលបានប្រាក់ខែគុណ ២០០% អាចច្រើនជានេះ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់ការអប់រំកម្រិតស្តង់ដា” ជាដើម។

ទាក់ទងការបង្ហោះ និងមានអ្នកផ្អើលជឿ ឬចែករំលែក Share ជាបន្តបន្ទាប់នេះ អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះថា នេះពុំមែនជាព័ត៌មានពិតទេ។

ជាមួយគ្នានេះ អ្នកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការសិក្សាពីការលើកទឹកចិត្តបុគ្គលិកអប់រំ ទាំងផ្នែកថវិកា គុណវុឌ្ឍិ ឱកាសផ្សេង ដើម្បីឱ្យប្រព័ន្ធលើកទឹកចិត្តកាន់តែប្រសើរ និងឆ្លើយតប។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនចំណូលថវិកាជាតិ ៣២ ៥០៩ ប៊ីលានរៀលស្មើនឹង ២២,៧៤% នៃ ផ.ស.ស ហើយគ្រោងចំណាយ ៣៤ ៤៩៧ ប៊ីលានរៀល។ តាមសេចក្ដីថ្លែងហេតុ ស្ដីពី សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បៀវត្សអប្បបរមា(តិចបំផុត) របស់មន្រ្តីរាជការស៊ីវិលនឹងត្រូវដំឡើងពីចំនួន ១ ៣០០ ០០០ រៀល នៅឆ្នាំ២០២៣ ដល់ប្រមាណ ១ ៣៥៦ ៩៥០ រៀល នៅឆ្នាំ២០២៤។ ចំណែកបៀវត្សអប្បរមារបស់គ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវដំឡើងពីចំនួន ១ ៤០០ ០០០ រៀល នៅឆ្នាំ២០២៣ ដល់ ១ ៤៥៦ ៩៥៩ រៀល នៅឆ្នាំ២០២៤។

សម្រាប់ប្រាក់បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវបានដំឡើងពី ១ ៣៨៤ ៤៧៧រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៤៤៣ ៩២៧ រៀល នៅឆ្នាំ ២០២៤។ រីឯបៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី ១ ២៥១ ០០០ ដល់ ១ ៣០៦ ៥៥០ នៅឆ្នាំ ២០២៤។ ដោយឡែកចំពោះប្រាក់ឧប្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលនៅក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


