ព័ត៌មានអន្ដរជាតិ
ប្រធានចារកម្មអាមេរិកលាលែងពីតំណែង ព្រោះការពារលោក ត្រាំ មិនបានល្អ
ប្រធានភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក នឹងចុះចេញពីតំណែង បន្ទាប់ពីកើតមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ បូករួមទាំងការរិះគន់ និងការដាក់សម្ពាធចេះតែកើនឡើងនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចំពោះការបរាជ័យក្នុងការទប់ស្កាត់ការបាញ់ប្រហារទៅលើអតីតប្រធានាធិបតីអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា លោកស្រី Kimberly Cheatle បានផ្ញើអ៊ីម៉ែលបញ្ជាក់ពីគម្រោងចុះចេញពីតំណែងកាលពីថ្ងៃអង្គារ ខណៈលោកស្រីបានរងសម្ពាធពីសមាជិកសភាអាមេរិក នៅអំឡុងសវនាការកាលពីថ្ងៃចន្ទកន្លងទៅ ជុំវិញផែនការសន្ដិសុខរបស់ទីភ្នាក់ងារចារកម្ម ព្រមទាំងភាពបរាជ័យក្នុងសេវាកម្មសន្តិសុខ បណ្ដាលឲ្យលោក ត្រាំ ត្រូវបានគេបាញ់ចំត្រចៀកនៅឯពិធីជួបជុំកាលពីថ្ងៃទី១៣ ខែកក្កដា នៅរដ្ឋ Pennsylvania។
លោកស្រី Cheatle បានប្រាប់សមាជិកសភាក្នុងសវនាការគណៈកម្មាធិការត្រួតពិនិត្យ និងគណនេយ្យភាពរបស់សភាថា៖«ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៣ ខែកក្កដា គឺជាការបរាជ័យប្រតិបត្តិការដ៏ធំបំផុតរបស់ទីភ្នាក់ងារចារកម្ម នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ វាជាកំហុសយ៉ាងពិតប្រាកដមែន ហើយយើងនឹងប្រឹងប្រែងធ្វើឲ្យប្រាកដថា រឿងនេះមិនកើតឡើងម្ដងទៀតទេ»។
នៅក្នុងសារអេឡិចត្រូនិក(អ៊ីម៉ែល)ដែលផ្ញើទៅកាន់ក្រុមបុគ្គលិក លោកស្រី Cheatle បានរៀបរាប់ថា៖«ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបរាជ័យផ្នែកសន្តិសុខ។ ពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ថ្មីៗនេះ វាជារឿងគួរឲ្យសោកស្ដាយណាស់ ដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការចុះចេញពីតំណែងជាប្រធានរបស់អ្នករាល់គ្នា»។
ជុំវិញរឿងលាលែងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងអំណរគុណដល់ប្រធានចារកម្ម សម្រាប់សេវាកម្មសាធារណៈជាច្រើនឆ្នាំរបស់លោកស្រី Cheatle ហើយបាននិយាយថា លោកគ្រោងនឹងតែងតាំងអ្នកជំនួសលោកស្រីក្នុងពេលឆាប់ៗនេះ។
ចំណែក រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោក Alejandro Mayorkas ក៏បានប្រកាសដែរថា លោកបានតែងតាំងលោក Ronald L Rowe ដែលជាអនុប្រធានចារកម្មអាមេរិក ឲ្យធ្វើជាប្រធានស្ដីទី បន្ទាប់ពីលោកស្រី Cheatle បានលាលែងពីតំណែង។

សូមបញ្ជាក់សាជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោកចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងហេតុការណ៍បាញ់ប្រហារនោះ មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ ទោះបីយ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


