ព័ត៌មានជាតិ
ការប្រែប្រួលអត្រាការប្រាក់គោលខ្ពស់របស់អាមេរិកបន្តជះឥទ្ធិពេលលើអត្រាការប្រាក់នៃប្រព័ន្ធធនាគារកម្ពុជា
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថានៅក្នុងបរិការណ៍ដែលការបន្ថយអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកត្រូវបានពន្យារពេលជាបន្តបន្ទាប់ អត្រាការប្រាក់គោលស្ថិតក្នុងកម្រិតខ្ពស់ដ៏យូរ ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ និងការរឹតត្បិតលើស្ថានភាពហិរញ្ញវត្ថុសកលរួមទាំងកម្ពុជាផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងកាលពីពេលថ្មីៗនេះថា កត្តាខាងក្រៅ ជាពិសេសការប្រែប្រួលនៃអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកនៅតែជាបញ្ហាប្រឈមដល់ប្រព័ន្ធធនាគារនៅកម្ពុជាដោយសារតែអត្រាចរាចរណ៍ប្រាក់ដុល្លារមានកម្រិតខ្ពស់ជាពិសេសប្រភពទុននៃវិស័យនេះគឺមកពីខាងក្រៅ។
លោកស្រីបណ្ឌិតបានលើកឡើងថា៖«បញ្ហានេះបានផ្តល់ផលប៉ះពាល់អវិជ្ជមានមកលើ ប្រព័ន្ធធនាគារកម្ពុជា ជាពិសេសដោយសារកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ហើយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនពឹងផ្អែកលើប្រភពហិរញ្ញប្បទានពីខាងក្រៅ។ កត្តានេះ គួបផ្សំនឹងការថយចុះនៃកំណើនឥណទានផង បានបន្ថយលទ្ធភាពស្វែងរកប្រាក់ចំណេញរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់»។
លោកស្រីបានថ្លែងបញ្ជាក់ថា៖ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះមួយចំនួន បានបន្តអនុវត្តដោយប្រុងប្រយ័ត្ន ហើយការរៀបចំឥណទានឡើងវិញក៏បានអនុញ្ញាតចំពោះវិស័យ និងនៅទីតាំងភូមិសាស្ត្រជាក់លាក់ សំដៅគាំទ្រឱ្យចំគោលដៅនិងការពារហានិភ័យចំពោះស្ថិរភាព ហិរញ្ញវត្ថុ។

បើយោងតាមរបាយការណ៍របស់NBC អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបន្តមានស្ថិរភាពក្នុង កម្រិតជាមធ្យម ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានកើនថ្លៃ ០.៨% ធៀបនឹង គ្រាដូចគ្នាឆ្នាំមុន (៤.០៩៤ រៀល)។
NBC លើកឡើងថា៖«ស្ថិរភាពអត្រាប្តូរប្រាក់នេះត្រូវបានរួមចំណែកដោយការអនុវត្ត នយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្ន តាមរយៈឧបករណ៍សំខាន់ៗ រួមមាន មូលបត្រអាចជួញដូរបាន (NCD) ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និង ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (MF) ជាដើម ដែលបានឆ្លើយតបនឹងតម្រូវការសន្ទនីយភាព របស់ប្រព័ន្ធធនាគារ និងសកម្មភាពសេដ្ឋកិច្ច»។
លោក តូច ចៅចេក ប្រធានអគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថាការប្រែប្រួលនៃអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកតែងតែងជះផលវិជ្ជមាននិងអវិជ្ជមានដល់ការប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុរបស់កម្ពុជា ដោយសារតែប្រភពទុនភាគច្រើនរបស់គ្រឹះស្ថានទាំងនោះគឺមកពីក្រៅប្រទេស។
លោកបានពន្យល់ថា កាលពីឆ្នាំ២០២៣កន្លងទៅនេះ អត្រាការប្រាក់កម្ចីនៅកម្ពុជាបានកើនឡើងបណ្តាលឱ្យប្រាក់កម្ចីមានការកើនឡើងតិចតួច ខណៈដែរប្រជាពលរដ្ឋដែលសល់ប្រាក់បាននាំគ្នាយកមកដាក់បញ្ញើរដោយទទួលបានអត្រាប្រាក់ជាហេតុធ្វើឱ្យទុននៅក្នុងវិស័យនេះមានច្រើនដើម្បីបញ្ចេញកម្ចីនឹងមានកំណើននៅឆ្នាំ២០២៤នេះ។
លោកស្រីបណ្ឌិត ជា សិរីបានលើកឡើងថាឆ្លើយតបនឹងបញ្ហាខាងលើនេះ ការត្រួតពិនិត្យនិងការវាយតម្លៃលើហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុត្រូវបានពង្រឹង ទាំងទៅលើកម្រិតគ្រឹះស្ថាននីមួយៗនិងលើប្រព័ន្ធធនាគារទាំងមូល។

លោកស្រីបណ្ឌិតបានថ្លែងថា៖« គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបានណែនាំឱ្យធ្វើការតាមដាននិងវិភាគលើគុណភាព ឥណទាន ដោយប្រុងប្រយ័ត្នផងដែរ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ បានតាមដានជាប់ជាប្រចាំនូវវឌ្ឍនភាពវិស័យសំណង់និងអចលនទ្រព្យ ជាមួយនឹងការវាយតម្លៃ ភាពប្រទាក់ក្រឡា និងហានិភ័យចម្លងជាយថាហេតុមកកាន់វិស័យធនាគារ ដើម្បីចាក់ចេញនូវវិធានការ បុរេសកម្ម និងការត្រៀមខ្លួនក្នុងការគ្រប់គ្រងហានិភ័យទាំងនេះ»៕
-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
សន្តិសុខសង្គម១ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


