សុខភាព
សូមស្វែងយល់ពីផលវិបាក នៃជំងឺលើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាម ជាបញ្ហាចម្បងមួយសម្រាប់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ដែលជាទូទៅ វាជាមូលហេតុចម្បងតម្រូវឲ្យអ្នកជំងឺមកជួបគ្រូពេទ្យ។ ជំងឺលើសសម្ពាធឈាម អាចបង្កនូវផលវិបាកជាច្រើន ដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាល បេះដូងសរសៃឈាម និងតម្រងនោម។
ក) តើអ្វីទៅជាជំងឺលើសសម្ពាធឈាម?
ជំងឺលើសសម្ពាធឈាម ត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យ ហើយបែងចែកសម្ពាធឈាមទៅតាមចំណាត់ថ្នាក់ ដូចតទៅ:
សម្ពាធឈាមនៅពេល Systole (mmHg)
– សម្ពាធឈាមធម្មតា តូចជាង ១២០
– ជិតលើសសម្ពាធឈាម ចាប់ពី ១២០-១៣៩
– លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ១៤០-១៥៩
– លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១៦០
សម្ពាធឈាមនៅពេល Diastole (mmHg)
– សម្ពាធឈាមធម្មតា តូចជាង៨០
– ជិតលើសសម្ពាធឈាម ចាប់ពី ៨០-៨៩
– លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ៩០-៩៩
– លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១០០
ខ) មូលហេតុដែលបង្កឲ្យមានជំងឺលើសសម្ពាធឈាម ៖
ក្នុងចំណោមអ្នកជំងឺលើសសម្ពាធឈាម ប្រហែលជា៩០ភាគរយ យើងពុំអាចរកឃើញពីមូលហេតុបង្កនៅឡើយទេ (Hypertension artérielle essentielle ou primitive) តែមានប្រហែលជា១០ភាគរយប៉ុណ្ណោះ មានមូលហេតុបង្កច្បាស់លាស់។ ដែលនៅក្នុងនោះរួមមាន ៖
– ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS, Corticoïdes
– ជំងឺ Cushing (Maladie de Cushing)
– ជំងឺដុំក្រពេញលើតម្រងនោម (Phéochromocytose)
– ជំងឺដុំគីសច្រើននៅតម្រងនោម (Polykystose rénale)
– ជំងឺលើសសម្ពាធឈាមដោយសារសរសៃឈាមតម្រងនោម (Hypertension artérielle rénovasculaire)
– ជំងឺត្បៀតសរសៃឈាមអាអក (Coartation aortique)
– ជំងឺសរសៃឈាមអាអក (Maladie aortique)
គ) រោគសញ្ញា នៃជំងឺលើសសម្ពាធឈាម
ជាទូទៅជំងឺលើសសម្ពាធឈាម មិនមានរោគសញ្ញាអ្វីឲ្យច្បាស់លាស់ទេ តែភាគច្រើន នៃរោគសញ្ញា ស្តែងចេញជាផលវិបាក នៃជំងឺនោះ។
ឃ) ផលវិបាក នៃជំងឺលើសសម្ពាធឈាម
១) ការប៉ះពាល់ទៅលើបេះដូង ៖
ជំងឺលើសសម្ពាធឈាម គឺជាកត្តាដែលបង្កឲ្យមានកំណកខ្លាញ់ក្នុងសរសៃឈាមបេះដូង(athérome) ដែលអាចបណ្ដាលឲ្យមានជំងឺស្ទះសរសៃឈាមបេះដូង (cardiopathie ischémique)។ ជំងឺនេះ ក៏ជាកត្តាធ្វើឲ្យសាច់ដុំបេះដូងឡើងក្រាស់ (Hypertrophie ventriculaire gauche) ដែលជាកត្តាមួយ ធ្វើឲ្យសាច់ដុំបេះដូងត្រូវការអុកស៊ីហ្សែនលើសពីធម្មតា បណ្ដាលឲ្យមានជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។
រោគសញ្ញាដែលស្ដែងចេញមានដូចជា ៖
– ឈឺទ្រូងចាក់មក ក ឬ ដើមដៃឆ្វេង (Angine de poitrine)
– ហត់នៅពេលធ្វើការងារប្រចាំថ្ងៃ ឬ ក៏ហត់នៅពេលសម្រាក

២) ការប៉ះពាល់ទៅលើសរសៃឈាម ៖
ជំងឺលើសសម្ពាធឈាមបង្កឲ្យមាន
– កំណកខ្លាញ់នៅក្នុងសរសៃឈាម (arthérome)
– ការរីកប៉ោងធំ នៃសរសៃឈាម (Anévrysmes)
– ការបែកនូវសរសៃឈាមធំ (dissections aortiques)
– ការស្ទះសរសៃឈាមនៅជើង (artériopathie oblitérante des membres inférieurs) ដែលស្ដែងចេញឲ្យថមថយនៅចម្ងាយដើររបស់អ្នកជំងឺ (claudication intermittente)
៣) ការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ ៖
ជំងឺលើសសម្ពាធឈាម អាចបង្កឲ្យមានជាជំងឺស្ទះសរសៃឈាមខួរក្បាល ឬ បែកសរសៃឈាមនៅខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែលរោគសញ្ញាស្ដែងចេញដោយអ្នកជំងឺទន់ដៃទន់ជើង ឬ មួយចំហៀងខ្លួន និយាយមិនច្បាស់ឈឺក្បាល និងបាត់បង់ស្មារតី។
៤) ការប៉ះពាល់ទៅលើតម្រងនោម ៖
ជំងឺលើសសម្ពាធឈាមអាចបង្កឲ្យមានជំងឺខ្សោយតម្រងនោម ដែលធ្វើឲ្យមានជាតិសាច់ចេញតាមទឹកនោម (ទឹកនោមប្រៃ) ដោយសារតែផលប៉ះពាល់ទៅលើសរសៃឈាមតម្រងនោម ហើយធ្វើឲ្យលើសសម្ពាធឈាមកាន់តែធ្ងន់ធ្ងរ រោគសញ្ញាស្ដែងចេញមានដូចជា ហើមជើងទាំងសងខាង ហើមមុខ ពិសេសត្របកភ្នែក។
៥) ការប៉ះពាល់ទៅលើភ្នែក ៖
វាអាចធ្វើឲ្យគំហើញរបស់ភ្នែកមានការធ្លាក់ចុះ ឬធ្ងន់ធ្ងរ រហូតដល់មើលពុំឃើញ។
ជាទូទៅ ផលវិបាក នៃជំងឺលើសសម្ពាធឈាមអាចត្រូវបានធើ្វការបង្ការ ដោយអ្នកជំងឺត្រូវ ៖
– ពិសាថ្នាំតាមវេជ្ជបញ្ជា
– មកតាមដាន តាមការណាត់ជួបជាមួយគ្រូពេទ្យឲ្យបានជាប់លាប់
– អនុវត្តតាមដំបូន្មានរបស់គ្រូពេទ្យ តាមរយៈការពិសាតមប្រៃខ្លាញ់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព ចៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


