Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់​ ពៅ មើលឃើញថា វណ្ណដា ជាតារាខ្មែរមួយរូបដែលជួយលើកមុខមាត់ប្រទេសពិតប្រាកដ

បានផុស

នៅ

ជុំវិញករណីដែលតារារ៉េបកម្ពុជា លោក ម៉ាន់ វណ្ណដា មានវត្តមានសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកនៅប្រទេសបារាំង គឺជាមោទនភាពមួយរបស់កម្ពុជា ដែលមានអ្នកអបអរសាទរជាច្រើនពីប្រជាជនខ្មែរ រួមទាំងមន្ត្រីជាន់ខ្ពស់ផង។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ៥ចំណុច ចំពោះវត្តមានរបស់លោក វណ្ណដា នៅបារាំងដែលជួយលើកមុខមាត់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត យង់ ពៅ យល់ឃើញថា ការសម្តែងលើឆាកអន្តរជាតិដ៏ធំនេះ គឺជាការបង្ហាញពីសមត្ថភាពពិតផ្ទាល់របស់ លោក វណ្ណដា អ្នកចម្រៀងសម័យរបស់ខ្មែរ និងក្រុមរបស់លោក ដែលបានចូលរួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ។ បន្ថែមពីនេះ ក៏ជាការលើកតម្កើងនូវសិល្បៈ វប្បធម៌ខ្មែរបុរាណ ផ្សារភ្ជាប់គ្នាជាមួយនឹងសិល្បៈសម័យទំនើប ឱ្យកាន់តែរស់រវើក និងរីកសុះសាយទៅកាន់ឆាកអន្តរជាតិដូចគ្នា។

លោកបណ្ឌិតបានបន្តថា នេះជាផ្នែកមួយទៀតក្នុងការលើកតម្កើងវប្បធម៌សន្តិភាពសុខដុមនីយកម្មនៅសង្គមខ្មែរ ពោល គឺជាការច្របាច់បញ្ចូលគ្នារវាងការអភិរក្សសិល្បៈវប្បធម៌បុរាណ និងអភិវឌ្ឍន៍សិល្បៈតន្ត្រីសម័យទំនើប។ អ្វីកាន់តែពិសេស ក៏ជាការលើកតម្កើង និងជំរុញទំនាក់ទំនងការទូតវប្បធម៌ បារាំង-កម្ពុជាផងដែរ។

លោកបណ្ឌិត យង់ ពៅ ក៏បានស្នើដល់ ស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ជាដើម គួរតែចូលរួមចំណែកជំរុញនិងលើកទឹកចិត្តបន្ថែមដល់អ្នកចម្រៀង ឬសិល្បៈករដែលមានសមត្ថភាព ដែលអាចលើកស្ទួយមុខមាត់ប្រទេសជាតិបាន ដើម្បីលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិស្គាល់ល្បីល្បាញថែមទៀត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងជាមោទនភាពរបស់កម្ពុជា ដោយគេឃើញវត្តមានតារារ៉េបល្បីឈ្មោះនៅកម្ពុជា គឺ លោក វណ្ណដា បានសម្តែងបទ Time To Rise ក្នុងពិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង។ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ​២០២៤ នៅបារាំងនេះ ​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​​២៦ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ២០២៤ ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​មិន​ធ្លាប់​មាន​ក្នុង​កីឡា​​អូឡាំពិក​​​ដែល​ពិធី​បើក​ប្រារព្ធ​នៅ​លើ​ទឹក​ទន្លេសែន​ និង​បិទ​បញ្ចប់​នៅ​ពហុកីឡាដ្ឋាន​ជាតិ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម