ព័ត៌មានជាតិ
ឧត្តមមន្ត្រីគាំទ្រ ឲ្យកម្ពុជាលើកពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ទៅចុងឆ្នាំនេះវិញ
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក លុយ ដាវីត រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រី ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។

ក្នុងឱកាស នៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងសុន្ទរកថា តាមរយៈវីដេអូថតទុក ដើម្បីស្វាគមន៍ចំពោះវត្តមានរបស់ឧត្តមមន្ត្រី ASEM ទាំងអស់។ នៅ ក្នុងសុន្ទរកថានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជឿជាក់ថា ASEM គឺជាគ្រឹះមួយក្នុងចំណោមគ្រឹះ នានា នៃអភិបាលកិច្ចសកល ហើយពហុភាគីនិយម ដែល ASEM តែងតែផ្តល់សារសំខាន់ គឺនៅតែបន្តជាធាតុមិនអាចខ្វះបានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលផ្សេងៗ ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ជាដើម ។

តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា កម្ពុជារង់ចាំទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូល ASEM ទាំងអស់ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រ ជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅរាជធានីភ្នំពេញ នាឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំ ឧត្តមមន្ត្រីទាំងអស់បានគាំទ្រជាឯកច្ឆ័ន្ទដល់កម្ពុជា ដើម្បីលើកកាលបរិច្ឆេទ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ២០២១ វិញ ដោយ សារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ។ លើសពីនេះ ការលើកពេល មិនគ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបានថា អន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំង ឡាយណា ដែលប៉ះពាល់ប្រយោជន៍រួម ថែមទៀតផង ហើយមានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ។

កិច្ចប្រជុំ បានគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដែលស្នើឲ្យមានការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ (Asia-Europe Forum on Women, Peace, and Security) ឲ្យបានជាប្រចាំ និងក្លាយជាព្រឹត្តិការណ៍អមមួយក្នុងចំណោមព្រឹត្តិការណ៍អមនានា នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍ ក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ និងការថែរក្សាសន្តិភាពជាដើម។

ជាមួយគ្នានេះ អង្គប្រជុំបានទទួលស្គាល់ពីតួនាទីរបស់មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ដែលសហការជាមួយកម្ពុជា រៀបចំព្រឹត្តិការណ៍អម និងលើកកម្ពស់ភាពពាក់ព័ន្ធ និងការយល់ដឹងពី ASEM ផងដែរ ហើយកិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិត និងឯកភាពលើទម្រង់នៃឯកសារលទ្ធផលរបស់កិច្ចប្រជុំកំពូលចំនួនពីររួមមាន: សេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំនៃកិច្ចកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងសេចក្ដី ថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩។

កិច្ចប្រជុំក៏បានពិភាក្សា លើសំណើស្ដីពីការតភ្ជាប់របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (Proposal on ASEM Connectivity) ដោយសង្ឃឹមថា ឯកសារនេះនឹងក្លាយជាឯកសារសមិទ្ធផលដ៏សំខាន់មួយ ដែលនឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣។

ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប បានសម្ដែងការសាទរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបន្តប្ដេជ្ញារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ប្រកប ដោយសុវត្ថិភាព និងជោគជ័យ ក្នុងទម្រង់ជារូបវ័ន្ត ក៏ដូចជាបន្តរក្សាវឌ្ឍនភាពនៃដំណើរការ ASEM ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការកើតមានជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតជុំវិញពិភពលោកយ៉ាងណាក៏ដោយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


