ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលចម្រុះថ្មីថៃត្រៀមចេញដំណើរ ខណៈបក្សភឿថៃប្រឈមបណ្តឹងរំលាយ
គណៈរដ្ឋមន្ត្រីថៃថ្មីដឹកនាំដោយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីក្មេងបំផុតនិងជាកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រាត្រូវបានព្រះមហាក្សត្រតែងតាំងជាផ្លូវការនៅថ្ងៃទី៤កញ្ញានេះ បន្ទាប់ពីប្រើពេលជិត៣សប្តាហ៍ដើម្បីសម្របសម្រួលនយោបាយ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គណរដ្ឋមន្ត្រីថៃថ្មីនឹងចូលស្បថចៅកាន់ដំណែងនៅមុខព្រះភក្ត្រព្រះមហាក្សត្រនៅថ្ងៃសុក្រទី៦ខែកញ្ញានេះ នៅវេលាម៉ោង៥ល្ងាច។
បើទោះបីជារដ្ឋសភាបានបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មីត្រឹមតែ២ថ្ងៃក្រោយការបណ្តេញចេញអតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលបានកាន់តំណែងនេះមិនដល់១ឆ្នាំនោះ ការប្រើពេលដ៏យូរដើម្បីរៀបចំគណៈរដ្ឋមន្ត្រីថ្មីគឺដោយសារតែការមិនចុះសម្រុងគ្នាក្នុងចំណោមគណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះ។

គណៈបក្សភឿថៃដឹកនាំដោយលោកស្រី ផែថងថាន បានច្រានចោលគណបក្ស Pralang Pracharath ដែលមានសមាជិកសភាចំនួន៤០រូប ចេញពីរដ្ឋាភិបាលចម្រុះ ដោយចោទប្រកាន់ថា ប្រមុខគណបក្សនេះ Prawit Wongsuwon មិនបានបោះឆ្នោតគាំទ្រ លោកស្រី ផែថងថាន នៅក្នុងរដ្ឋសភានោះទេ។
ដោយសារមូលហេតុនោះ គណបក្សភឿថៃដែលដឹកនាំរដ្ឋាភិបាលចម្រុះបានងាកទៅរកគណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលមានសមាជិកសភា២៥ មកចូលរួមជាមួយរដ្ឋាភិបាលចម្រុះវិញ ដើម្បីបង្គ្រប់កូរ៉ុមនៅរដ្ឋសភា។
គណៈរដ្ឋមន្ត្រីថ្មីថៃដែលដឹកនាំដោយនាយករដ្ឋមន្ត្រីផែថងថាននៃគណបក្សភឿថៃ កំពុងរៀបចំចេញដំណើរទៅមុខ ប៉ុន្តែគណបក្សភឿថៃដែលទទួលឥទ្ធិពលយ៉ាងសម្បើមពីក្រុមគ្រួសារលោកថាក់ស៊ីនស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលខែកញ្ញាឆ្នាំ២០០៦ ក៏ទទួលនូវពាក្យបណ្តឹងឱ្យរំលាយគណបក្សដែលមិនទាន់ត្រូវបានដោះស្រាយផងដែរ។

ចលនាប្រឆាំងគណបក្សភឿថៃបានផ្ទុះឡើងក្រោយវត្តមានរបស់លោកថាក់ស៊ីនលេចអណ្តែតជាថ្មីលើវិថីនយោបាយថៃដែលរងការធ្វើរដ្ឋប្រហារដោយយោធាទម្លាក់រដ្ឋាភិបាលរបស់លោកក្នុងឆ្នាំ២០០៦ និងម្តងទៀតក្រុមយោធាបានទម្លាក់រដ្ឋាភិបាលរបស់ប្អូនស្រីរបស់លោក គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាក្នុងឆ្នាំ២០១៤។
នៅថ្ងៃទី១៩ខែសីហា ញត្តិដំបូងដែលប្តឹងរំលាយគណបក្សភឿថៃបានដាក់ទៅគណៈកម្មការបោះឆ្នោត (EC) ដោយចោទប្រកាន់គណបក្សនេះបានអនុញ្ញាតឱ្យលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នកនៅខាងក្រៅ ទៅគ្រប់គ្រងគណបក្ស។
ការចេញមុខមាត់របស់លោកថាក់ស៊ីន នៅប៉ុន្មានថ្ងៃក្រោយកូនស្រីរបស់លោកជាប់ឆ្នោតសភាដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ដោយ លោក ថាក់ស៊ីននាពេលនោះ បានថ្លែងការណ៍យ៉ាងលម្អិតជុំវិញការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច រួមមានការផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋថៃចំនួន១០០០០បាតក្នុងមួយខែ ដើម្បីជំរុញកម្លាំងចំណាយក្នុងចរន្តសេដ្ឋកិច្ចជាដើម បានជំរុញឲ្យមានការប្រឆាំងដោយចោទប្រកាន់ពីការជ្រៀតជ្រែកកិច្ចការរដ្ឋពីអ្នកខាងក្រៅ។

ការថ្លែងរបស់លោកដោយលម្អិតទៅលើសកម្មភាពគោលនយោបាយរបស់រដ្ឋាភិបាល បានធ្វើឱ្យចន្លោះប្រហោងសម្រាប់ក្រុមនយោបាយផ្សេង ដែលចាត់ទុកថា គណបក្សភឿថៃស្ថិតក្រោមការចាត់ចែងរបស់លោកថាក់ស៊ីនដែលនិរទេសខ្លួនជាង១៥ឆ្នាំ និងវិលចូលប្រទេសវិញកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ និងត្រូវទទួលរងនូវការកាត់ទោសឱ្យជាប់ពន្ធនាគារថែមទៀតពីបទធ្វើឱ្យប៉ះពាល់ដល់ព្រះមហាក្សត្រថៃ។
ការប្តឹងស្នើរំលាយគណបក្សភឿថៃនេះក៏យោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃទី១៤ខែសីហាដែលរកឃើញនូវកំហុសរបស់លោក អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលខ្វះនូវសុច្ចរិតភាពក្នុងការតែងតាំងលោក Phichit Chuenban ដែលជាមេធាវីប្រចាំគ្រួសារលោកថាក់ស៊ីនជាយូរមកហើយនោះ ជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីដោយសារតែលោកធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
គណបក្សភឿថៃក៏ទំនងប្រឈមការរំលាយក្រោមតុលាការធម្មនុញ្ញថៃដែលធ្លាប់បញ្ចប់តំណែងលោក ប្រាយុធ ចាន់អូចា នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៣ ការំលាយគណបក្ស ចលនាឆ្ពោះទៅមុខ (MFP) ការផ្អាកសកម្មភាពធ្វើនយោបាយរបស់អ្នកនយោបាយល្បីៗជាច្រើនទៀត និងចុងក្រោយគឺការដកតំណែងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីននៃគណបក្សភឿថៃ ដោយគ្មានលទ្ធភាពតវ៉ា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


