ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់អន្តរជាតិពីគម្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវករ
ថ្លែងពីវេទិកានៃប្រទេសកូរ៉េខាងត្បូង, អតីតប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អន្តរជាតិពីគម្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម ដើម្បីទប់ស្កាត់ចលនាជ្រុលនិយមដែលនៅព្យាយាមប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបឱ្យដឹងដូច្នេះថា៖ «ប្រហែលកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម នៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្ដិភាពរបស់យើងក៏នៅតែមាននៅឡើយ។ ដូច្នេះដើម្បីធានាទៅលើបញ្ហានេះយើងត្រូវគិតគូរឱ្យបានហ្មត់ចត់»។
គម្រោងធ្វើច្បាប់ខាងលើនេះ ខណៈក្រុមបុគ្គលមួយចំនួនដែលប៉ុនប៉ងចង់បំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់ពួកគេនៅឡើយ។ បើតាមប្រសាសន៍របស់សម្ដេចតេជោ មានអ្នកខ្លះ ក៏បានលើកឡើងថា បើមានសន្តិភាពហើយ ចាំបាច់ប្រឹងប្រែងនិយាយពីសន្តិភាពធ្វើអ្វី។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានចោទសួរត្រឡប់ទៅវិញ ថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលមានសន្តិភាពរួចហើយ នៅខិតខំរៀបចំប្រព័ន្ធអាវុធកាន់តែទំនើបៗ ដើម្បីអ្វីទៅ ប្រាកដណាស់ គឺដើម្បីការពារសន្តិភាព។ ដូច្នេះ មិនចម្លែកទេដែលកម្ពុជា ត្រូវនិយាយពីសន្តិភាព និងការការពារសន្តិភាព។

តាមរយៈបាឋកថាពិសេសស្ដីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ កសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នៅពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សង្គ្រាមពិតជាងាយនឹងបញ្ឆេះ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវការរយៈពេលជិត៣០ឆ្នាំ ហើយមកដល់ពេលនេះ កម្ពុជា ទើបតែមានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់ខ្លួន។ សម្ដេចតេជោ បន្តថា កម្ពុជាមិនត្រូវការសន្ដិភាពត្រឹម២៦ឆ្នាំនេះទេ ប៉ុន្ដែកម្ពុជាត្រូវការសន្ដិភាពជារៀងរហូតតទៅ។

តែយ៉ាងណាមិញ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានបង្ហាញការសោកស្ដាយ នៅពេលដែលកម្ពុជាកំពុងមានសុខសន្ដិភាព បែរជាទទួលរងការរិះគន់ថា និយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ខណៈយុវជនមួយចំនួនបានភ្លេចគុណតម្លៃនៃសន្តិភាព ហើយខ្លះទៀតថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។
ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់ដែលសហគមន៍អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការ និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ពីភាពចាំបាច់អប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព កុំនិយាយពាក្យថា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍឡើយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


