ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញពលរដ្ឋឱ្យចូលរួមផ្តល់ឈាម ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមចាំបាច់
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តឱ្យយុវជន ប្រជាជនទូទៅ ចូលរួមផ្តល់ឈាម ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមចាំបាច់។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាពេលនេះ បង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងជាប្រធានបទមួយសម្រាប់ទាំងអស់គ្នា ក្នុងគោលបំណងបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយអ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស។ ការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ហើយការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ ខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្តុះ អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ ព្រមទាំងបានណែនាំដល់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ ឱ្យមានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំពិធីនេះឡើង និងសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ