ព័ត៌មានជាតិ
ធនាគារទូទាត់ប្រាក់យ៉ន់ត្រូវបានដាក់ឱ្យដំណើការនៅកម្ពុជា
ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និងចិន ធនាគារទូទាត់ប្រាក់យ៉ន់(RMB Clearing Bank) ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការនៅកម្ពុជានៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ដែលការណ៍នឹងរួមចំណែកដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។

លោក Lin Jingzhen នាយកប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិនៃធនាគារចិនបានមានប្រសាសន៍ថា កាលពីខែធ្នូ ឆ្នាំ 2023 ក្រោមការណែនាំ និងការគាំទ្រពីធនាគារកណ្តាលនៃប្រទេសទាំងពីរ ធនាគារចិនត្រូវបានតែងតាំងជាធនាគារទូទាត់នៅកម្ពុជា។
លោកបានមានប្រសាសន៍ថាជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នានា បានធ្វើឱ្យមានការការកើនឡើងខ្លាំងនៃយតម្រូវការសម្រាប់ការសម្របសម្រួលការទូទាត់ជាប្រាក់យ៉ន់។

លោកថា៖«ធនាគារចិននឹងប្រើប្រាស់តួនាទីរបស់ធនាគារទូទាត់ប្រាក់យ៉ន់នេះឱ្យសកម្ម ដើម្បីផ្តល់ឱ្យអ្នកចូលរួមទីផ្សារនូវជម្រើសរូបិយប័ណ្ណទូទាត់ចម្រុះ បង្កើតបណ្តាញទូទាត់ឆ្លងប្រទេសដ៏ងាយស្រួល និងមានសុវត្ថិភាព កាត់បន្ថយការចំណាយលើការផ្លាស់ប្តូររូបិយប័ណ្ណ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគឈានទៅដល់កម្រិតថ្មីមួយទៀត»។
លោក Lin បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតធនាគារចិនសាខាភ្នំពេញក្នុងឆ្នាំ ២០១០ ខ្លួនបានផ្តល់ប្រាក់កម្ចីជាង ២ ពាន់លានដុល្លារចាក់បញ្ចូលក្នុងទីផ្សារកម្ពុជា។
លោកស្រី Zhong Jie ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជារយៈពេល ១២ ឆ្នាំជាប់គ្នា។ យោងតាមស្ថិតិរបស់ចិន ពាណិជ្ជកម្មទ្វេភាគីពីខែមករា និងខែតុលាឆ្នាំនេះឈានដល់ ១៤,៤ ពាន់លានដុល្លារ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រីបន្តថា ការនាំចូលរបស់ប្រទេសចិនពីប្រទេសកម្ពុជាបានកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិតិកម្ពុជាក៏បង្ហាញដែរថា ចិនជាប្រភពវិនិយោគបរទេសធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនៅកម្ពុជាដែលមានតម្លៃជិត៣ពាន់លានដុល្លាររួចទៅហើយ។

លោកស្រីថា៖«ការបង្កើតនូវធនាគារទូទាត់ប្រាក់យ៉ន់នេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។ វានឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ហើយដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ»។
លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការបង្កើតធនាគារទូទាត់ប្រាក់យ៉ន់នៅកម្ពុជានេះ កើតចេញពីគំនិតផ្តួចផ្តើមដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ គឺធនាគារជាតិនៃកម្ពុជា និងធនាគារប្រជាជននៃ ប្រទេសចិនបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកាឆ្នាំមុន។

លោកបានថ្លែងថា៖«ការបើកដំណើរការធនាគារទូទាត់ប្រាក់ RMB នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង ដូចដែលបានបង្ហាញដោយទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់យើង។ ដូចយើងដឹងហើយថា ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាមានឫសគល់យ៉ាងជ្រៅរាប់សតវត្សរ៍។ ការតភ្ជាប់ដ៏យូរអង្វែងនេះបានវិវត្តទៅជាភាពជាដៃគូនាពេលបច្ចុប្បន្ន ដែលត្រូវបានកត់សម្គាល់ដោយការដោះដូរពាណិជ្ជកម្មដ៏រឹងមាំ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាដើម»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


