Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាល​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​សហគមន៍​២០​កុម្ភៈ​ជាង​១៤០០០​នាក់ ​និង​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​១០០​នាក់

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២១​នេះ​ ខេត្តកណ្តាល​បាន​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​ជាង​១៤០០០​នាក់​ និង​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១១១​នាក់​។

លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ​ ដោយ​រដ្ឋបាលខេត្ត​កំពុង​បន្ត​រុករក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​ជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​គិត​ត្រឹម​ថ្ងៃទី​១៥​មីនានេះ​ ក្រុមការងារ​បាន​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ប្រមាណ​ជាង​១៤០០០​នាក់​ហើយ​ ក្នុង​នោះ​មាន​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន​១៧១៣​នាក់​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មណ្ឌល​ដែល​បាន​រៀប​ចំ​។ ក្រៅ​ពី​នេះ​ជា​អ្នក​ដែលមាន​ការប៉ះពាល់​ដោយ​ប្រយោល​ដែល​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​។

លោក​បាន​បន្តទៀត​ថា ​ក្នុងចំណោម​អ្នក​ជាប់​ពាក់ព័ន្ធ​ជាង​១៤០០០​នាក់​នោះ​ក្នុង​មាន​មាន​អ្នក​ឆ្លង​ចំនួន​១១១​នាក់​ភាគច្រើន​ជា​ជន​ជាតិចិន​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៣​នាក់​ផងដែរ​។​

លោក​បាន​បន្ថែម​ទៀត​ថា ​ទោះបីជា​មានការ​ឆ្លង​ជំងឺ​ច្រើន តែ​យើង​នៅតែ​អាច​គ្រប់គ្រង​បាន​ព្រោះ​អ្នក​ឆ្លង​នៅក្នុង​ជ្រៃ​ធំ​ស្រុក​កោះធំ​ដែល​អាជ្ញាធរ​បាន​បិទ​រួចហើយ​ហើយ​នៅ​ផ្សារ​វិហារ​សួគ៌​នៅ​ស្រុក​ខ្សាច់​ក​ណ្តា​ល​និង​នៅ​ភូមិ​វាល​ធំ​ស្តុក​ល្វា​ឯក​ក៏​យើង​អាច​គ្រប់គ្រង​បានដែរ។

លោក​បាន​បញ្ជាក់​ទៀត​ថា ​«យើង​នឹង​ពិនិត្យមើល​ទីតាំង​បន្ថែមទៀត ​ក្នុងករណី​សំណាក​មាន​ចំនួន​ច្រើន​ព្រោះថា​ បច្ចុប្បន្ន​យើង​អាច​គ្រប់គ្រង​បាន​នៅឡើយ​ទេ​»​។ លោក​បាន​បន្ថែម​ថា ​ទោះបីជា​ស្ថានភាព​កូ​វីដ​នៅ​មិនទាន់​ធូរស្រាល​ក៏ដោយ​ក៏​រដ្ឋបាលខេត្ត​មិន​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​មកពី​តំបន់​មាន​ហានិភ័យ​ណាមួយ​ចូលក្នុង​ខេត្ត​នោះទេ​លើកលែងតែ​តំបន់​មួយចំនួន​ដែល​ខេត្ត​បាន​ហាមឃាត់​ប៉ុណ្ណោះ​ដូចជា​តំបន់​ជ្រៃ​ធំ ផ្សារ​វិហារ​សួគ៌ ​និង ​ភូមិ​វាល​ធំ​នៅ​ស្រុក​ល្វាឯម​ដែល​មានការ​រាតត្បាត​កូ​វីដ​១៩​។ ក្រៅពី​តំបន់​៣​ទីតាំង​នេះ​យើង​បាន​អនុញ្ញាត​ឲ្យ​ចេញចូល​ជា​ធម្មតា​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៥​មីនា​នេះ​កម្ពុ​ជាមាន​ករណី​ឆ្លង​សរុប ចំនួន ១៣២៥​នាក់​ក្នុង​នោះ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៨១០​នាក់​និង​ជាសះស្បើយ​ចំនួន ៧៣០​នាក់ ដែល​ក្នុង​នោះ អ្នកជា​សះស្បើយ​ថ្មី​ចំនួន ៨៣ នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម