Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។ ក្នុងនោះលោកក៏បានជម្រាបជូនពីតម្រូវការកម្លាំងពលកម្មជាច្រើនផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃខេត្តមីយ៉ាហ្គិ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាពិសេសក្នុងគោលបំណងចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់របស់រដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពោលគឺរដ្ឋាភិបាលជប៉ុនបានជួយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព និងសក្តានុពល ក៏ដូចជាការផ្តល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទៅធ្វើការនៅក្នុងប្រទេសជប៉ុនថែមទៀត។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ ដើម្បីបង្កើនចំនួនកម្មសិក្សាការីកម្ពុជាស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសជប៉ុនដែលត្រូវការកម្លាំងបំពេញការងារ។

ជាការឆ្លើយតប លោក MURAI Yoshihiro បានជម្រាបជូនថា នៅក្នុងខេត្តមីយ៉ាហ្គិ មានតម្រូវការកម្លាំងពលកម្មជាច្រើន ដូចនេះកម្ពុជាមានកម្លាំងយុវជនជាច្រើនមានសក្តានុពលដែលអាចបំពេញតម្រូវការនេះបាន។ ដូចនេះដែរ លោកបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌនិងតម្រូវការនៃកម្លាំងពលកម្ម។ ទន្ទឹមនេះ លោកក៏បានស្នើក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការសិក្សាភាសាជប៉ុននៅក្នុងវិទ្យាស្ថាន TVET កម្ពុជាផងដែរ។

ចំពោះសំណើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ការឯកភាពក្នុងការរៀបចំ និងសហការជាមួយ រដ្ឋបាលខេត្តមីយ៉ាហ្គិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម