Connect with us

ព័ត៌មានជាតិ

ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល​

បានផុស

នៅ

ស្វីស ប្រកាសធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកលលោក។ ការប្រកាសនេះ បានធ្វើឡើងតាមរយៈមន្ត្រីការទូតរបស់ស្វីសប្រចាំនៅអង្គការសហប្រជាជាតិ​ នាទីក្រុងញូយ៉ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសជួបជាមួយលោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ លោកស្រី Pascale Baeriswyl តំណាងអចិន្ត្រៃយ៍ស្វីសប្រចាំ​នៅអង្គការសហប្រជាជាតិ បានអបអរសាទរកម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៥-២០២៦។

លោកស្រី Pascale Baeriswyl បានបញ្ជាក់ប្រាប់តំណាងអចិន្ត្រៃយ៍កម្ពុជា ថា ស្វីសបានត្រៀមរួចជាស្រេច​បង្កើនកិច្ចប្រតិបត្តិការឱ្យកាន់តែល្អថែមទៀតជាមួយកម្ពុជា ពិសេសកិច្ចសហការជិតស្និទ្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនិម្មាបនកម្មកសាងសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា បានចែករំលែកនូវការងារអាទិភាពមួយចំនួនរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងបានគូសបញ្ជាក់ពីការរួមចំណែករបស់កម្ពុជាក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពសកល តាមរយៈការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

គួរជម្រាបថា រយៈពេល ៦៩ឆ្នាំ ជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក តាមមធ្យោបាយបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវប្រមាណ៩ ៨២៤នាក់ ទៅចូលរួមបំពេញបេសកកម្មថែរក្សាសុខសន្តិភាពប្រកបដោយជោគជ័យ ក្នុងប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ុប, ស៊ីរី, ម៉ាលី ជាដើម។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាកម្ពុជា​ បានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឱ្យកងទ័ពជានារីទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ កាលពីថ្មីៗនេះ កម្ពុជា ក៏បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម