Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី៖ជនជាតិដើមភាគតិចឡាវ នៅតែជឿ និងធ្វើពិធីកាប់ក្របីសែនអារុក្ខអារក្សអ្នកតា ដើម្បីបញ្ចៀសគ្រោះចង្រៃក្នុងភូមិ

បានផុស

នៅ

ត្បិតថា​ ឈានចូលឆ្នាំ២០២៥ទៅហើយដែលជាសម័យកាលជឿនលឿន សម័យវិទ្យាសាស្រ្ត បច្ចេកវិទ្យាថ្មី ទំនើបៗយ៉ាងណាក៏ដោយ ក៏ទំនៀមទម្លាប់ប្រពៃណីដែលជាប់តពីដូនតាមកនៅបន្តកើតមាននៅក្នុងតំបន់ខ្លះៗនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង នៅក្នុងខេត្តមណ្ឌលគិរីឯណោះ ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគឡាវមួយចំនួនដែលរស់នៅក្នុងស្រុកកោះញែក នៅតែគោរព ជឿ និងធ្វើពិធីកាប់ក្របីសែនព្រេនអារុក្ខអារក្សអ្នកតា ដើម្បីបញ្ចៀសគ្រោះឧបទ្រពចង្រៃនៅក្នុងភូមិ ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសែនព្រេននេះ គឺមានប្រជាពលរដ្ឋប្រុសស្រី ចាស់ក្មេងប្រមាណជាង៣០០នាក់ បានកាប់ក្របីមួយក្បាល ដើម្បីសែនព្រេនអារុក្ខអារក្សអ្នកតា។ ពួកគេមានជំនឿថា ការធ្វើបែបនេះ នាំមកនូវក្តីសុខសប្បាយដល់អ្នកភូមិ និងបញ្ចៀសគ្រោះចង្រៃទាំងឡាយទាំងពួងចេញពីភូមិរបស់ពួកគេ។ លោក ដែង ថក់ ប្រជាពលរដ្ឋរស់នៅភូមិជីមាត ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបរាប់ថា ពួកគេនៅក្នុងភូមិសហគមន៍ តែងតែកាប់គោក្របីធ្វើពិធីសែនព្រេនតាមប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិចឡាវតាំងពីដូនតាមក។ ពួកគេធ្វើពិធីនេះ នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០២៥ គឺមិនខុសពីលើកមុនៗនោះដែរ ពោល គឺសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន បញ្ចៀសគ្រោះឧបទ្រពចង្រៃនៅក្នុងភូមិ ហើយពួកគេជឿថា ធ្វើពិធីនេះឡើងម្តងៗ គឺបានសេចក្ដីសុខពិតប្រាកដមែន។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំជាង៣០០នាក់ បានរៃអង្គាសគ្នាបានថវិកាចំនួនជាង១លានរៀល ទិញក្របីមួយក្បាលកាប់ថ្វាយអារុក្ខអារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន ព្រោះពួកគេព្រួយបារម្ភក្រោយបានទទួលដំណឹងពីអាជ្ញាធរនាពេលថ្មីៗថា នឹងមានគម្រោងសាងសង់វារីអគ្គិសនី ប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់នេះ ហើយត្រូវជម្លៀសពួកគេចេញពីភូមិ ដើម្បីទៅរស់នៅកន្លែងថ្មី។ ពួកគេមិនចង់ចាកចេញពីលំនៅឋានដែលធ្លាប់រស់តាំងពីដូនតាមកទេ ហើយក៏នាំគ្នាធ្វើពិធីសែនព្រេននេះតែម្ដង៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម