ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានថា ខ្លួននឹងអនុវត្តសិទ្ធិការពារខ្លួនកាន់តែខ្លាំងក្លាជាងមុន
កូរ៉េខាងជើង បានព្រមាននៅថ្ងៃសុក្រទី១៧ខែមករាឆ្នាំ២០២៥នេះថា ខ្លួននឹងអនុវត្តសិទ្ធិការពារខ្លួនកាន់តែខ្លាំងក្លា ដោយបានថ្កោលទោសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចំពោះការរៀបចំសមយុទ្ធដែនអាកាសរួមគ្នា ដែលមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក។

ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ព្រមាននេះ ខណៈដែលប្រទេសទាំងបីបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង កាលពីថ្ងៃពុធនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលប៉ាលិស្ទិកល្បឿនលឿនជាងសំឡេង និងមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងនាពេលថ្មីៗ។
យោងតាមការចុះផ្សាយរបស់ KCNA ប្រធានការិយាល័យគោលនយោបាយបរទេសរបស់កូរ៉េខាងជើង បានសម្តែងការព្រួយបារម្ភ «យ៉ាងធ្ងន់ធ្ងរ» ដែលថា «ការបង្កហេតុ» ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងបន្ថែមអស្ថិរភាពសន្តិសុខដល់ឧបទ្វីបកូរ៉េ។
មន្ត្រីកូរ៉េខាងជើងរូបនោះ បានបន្ថែមថា ក្រសួង «បញ្ជាក់ជាថ្មីម្តងទៀតថា ការអនុវត្តសិទ្ធិស្វ័យការពាររបស់កូរ៉េខាងជើង ដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់រដ្ឋ នឹងត្រូវធ្វើឡើងកាន់តែខ្លាំង» ស្របតាម «យុទ្ធសាស្ត្រប្រឆាំងដ៏តឹងតែងបំផុត» ក្នុងគោលបំណងទប់ស្កាត់នូវការបង្កហេតុខាងយោធាដោយសត្រូវរបស់ខ្លួន។
សមយុទ្ធត្រីភាគីចុងក្រោយបង្អស់ គឺសំដៅបង្កើនសមត្ថភាពរួមគ្នារវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ជុំវិញការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង បានបាញ់បង្ហោះនូវអ្វីដែលខ្លួនអះអាងថាជាមីស៊ីលប៉ាលិស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងកាលពីថ្ងៃទី៦ខែមករា អមដោយការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃអង្គារ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ