ព័ត៌មានអន្ដរជាតិ
ត្រឹម២០ថ្ងៃសោះ លោកត្រាំចេញបទបញ្ជាប្រតិបត្តិលើសប្រធានាធិបតីមុនៗ «ហៅមិនឮ»
ស្បថចូលកាន់អំណាចនៅថ្ងៃទី២០ខែមករា និងកាន់អំណាចពេញលេញរយៈពេលត្រឹម២០ថ្ងៃរាប់ទាំងថ្ងៃនេះសម្រាប់អាណត្តិទី២ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រមាណ៦០ ដែលគ្រប់អតីតប្រធានាធិបតីមិនធ្លាប់អនុវត្ត។
ការសម្រេចរបស់លោក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងរំជើបរជួលយ៉ាងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយលោកបានអង្រួនពិភពលោកឲ្យតាមដានកិច្ចការរបស់លោកជាប្រចាំ និងប្រតិកម្មតបតវិញឥតឈប់ឈរ។

បទបញ្ជាប្រតិបត្តិដែលអ្នករិះគន់ប្រឆាំង ប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លើសពីសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញដែលផ្តល់ឲ្យលោកធ្វើ ដោយរាប់ចាប់ពីការដាក់ពន្ធលើប្រទេសម៉ិកស៊ិក ចិន និងកាណាដា ការផ្អាកជំនួយបរទេស ការបិទភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ ការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការហាមប្រាមអ្នកប្តូរភេទបម្រើក្នុងជួរយោធា និងការប្រើប្រាស់មូលនិធិសហព័ន្ធសម្រាប់ការថែទាំសុខភាពដែលបញ្ជាក់ពីយេនឌ័រសម្រាប់អនីតិជន និងបញ្ហាជាច្រើនទៀត។
គិតត្រឹមថ្ងៃទៅ៧ខែកុម្ភៈយ៉ាងហោចណាស់បទបញ្ជាប្រតិបត្តិ៥៩ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរយៈពេលមិនដល់១ខែ ដែលក្លាយទៅជាប្រធានាធិបតីដែលចេញបទបញ្ជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
ការចេញបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាំភាពចម្រូងចម្រាសទាំងក្នុងសហរដ្ឋអាមេរិកផង និងក្នុងពិភពលោកផង ដោយក្នុងនោះកម្លាំងនៃការតវ៉ាបានលេចឡើងជាបណ្តើរៗនិងឈានទៅរកទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក។
នៅក្នុងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិក សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យដែលចាញ់ឆ្នោតលោកដូណាល់ ត្រាំ ត្រឹមជាង២លានសំឡេងនោះ បានហៅការចេញបទបញ្ជាមួយចំនួនរបស់លោក ដូណាល់ ត្រាំ ថា ជា«វិបត្តិរដ្ឋធម្មនុញ្ញ»របស់សហរដ្ឋអាមេរិក ជាពិសេសនៅពេលលោកបានបញ្ជាឲ្យបិទការិយាល័យទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា «USAID»។

ផ្នែកតុលាការយុត្តិធម៌ក៏បានចាប់ផ្តើមធ្វើការងារ ដោយចៅក្រមនៃរដ្ឋមួយចំនួនបានចេញសាលក្រមច្រានចោលការអនុវត្តបទបញ្ជារបស់លោក ដូណាល់ ត្រាំ ហើយអគ្គមេធាវីតាមបណ្តារដ្ឋផ្សេងៗយ៉ាងហោច១៨បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបទបញ្ជារបស់លោក ដូណាល់ ត្រាំ ដោយអះអាងថា «វាអធម្មនុញ្ញភាព»
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមសហព័ន្ធនៅក្នុងរដ្ឋយ៉ាងហោចណាស់បី រួមមាន រដ្ឋវ៉ាស៊ីនតោន រដ្ឋម៉ារីលែន និងរដ្ឋញូវហាំសៀ – បានចេញសេចក្តីសម្រេចរារាំងបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណងបញ្ចប់សិទ្ធិទទួលបានសញ្ជាតិពីកំណើតសម្រាប់កុមារដែលកើតនៅសហរដ្ឋអាមេរិកចំពោះឪពុកម្តាយដែលមិនមែនជាពលរដ្ឋ។ ចំណាត់ការរបស់តុលាការទាំងនេះបានបញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្តដីកាប្រតិបត្តិទូទាំងប្រទេស។
បន្ថែមពីលើករណីសហព័ន្ធទាំងនេះ អគ្គមេធាវីរដ្ឋចំនួន១៨បានដាក់ពាក្យប្តឹងជំទាស់នឹងបទបញ្ជាប្រតិបត្តិ ដោយចៅក្រមសហព័ន្ធនៅទីក្រុងបូស្តុនបច្ចុប្បន្នកំពុងពិចារណាលើសំណើរបស់ពួកគេក្នុងការទប់ស្កាត់វា។ នេះបង្ហាញថាចៅក្រមនៅក្នុងរដ្ឋជាច្រើនកំពុងពិនិត្យយ៉ាងសកម្ម ហើយក្នុងករណីខ្លះ បញ្ឈប់ការអនុវត្តបទបញ្ជាប្រតិបត្តិនោះតែម្តង។
តាមការចេញផ្សាយរបស់សារព័ត៌មាន New York Times អនុប្រធានាធិបតី JD Vance បានប្រកាសថា៖«ចៅក្រមមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងអំណាចស្របច្បាប់របស់អំណាចប្រតិបត្តិឡើយ» ដោយផ្តល់ការព្រមានដល់តុលាការសហព័ន្ធចំពោះសេចក្តីសម្រេចរបស់តុលាការដែលមានទិដ្ឋភាពមិនច្បាស់លាស់នៃរបៀបវារៈរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
យោងការចេញផ្សាយដាច់ដោយឡែកមួយទៀតរបស់ NYT ដោយដកស្រង់ការលើកឡើងរបស់ព្រឹទ្ធបុរសនៃសាលាច្បាប់នៃសាកលវិទ្យាល័យ Berkeley កាលីហ្វ័រញ៉ា លោក Erwin Chemerinsky ដូចបាននិយាយថា៖«យើងកំពុងស្ថិតក្នុងវិបត្តិរដ្ឋធម្មនុញ្ញឥឡូវនេះ។ មានសកម្មភាពខុសរដ្ឋធម្មនុញ្ញ និងខុសច្បាប់ជាច្រើនក្នុងរយៈពេល១៨ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតី ត្រាំ។ យើងមិនដែលឃើញបែបនេះទេ»។

ចំណែកឯ សារព័ត៌មាន NBCNEWS បានចុះផ្សាយនូវការកត់ត្រាប្រៀបធៀបនៃការចេញបទបញ្ជារបស់ប្រធានាធិបតីមុនៗក្នុងរយៈពេល១០០ថ្ងៃ បង្ហាញឲ្យឃើញថា អតីតប្រធានាធិបតី Ronald Reagan បានចេញបទបញ្ជាប្រតិបតិ្តចំនួន១៨។ អតីតប្រធានាធិបតី George H.W.Bush បានចេញបទបញ្ជាប្រតិបត្តិចំនួន ១១។ អតីតប្រធានាធិបតី Bill Clinton បានចេញបទបញ្ជាប្រតិបត្តិចំនួន១៣។ អតីតប្រធានាធិបតី George W. Bush បានចេញបទបញ្ជាប្រតិបត្តិចំនួន១១។ អតីតប្រធានាធិបតី Barak Obama បានចេញបទបញ្ជាប្រតិបត្តិចំនួន១៩។ ក្នុងអាណត្តិទី១ ប្រធានាធិបតី ដូណាល់ ត្រាំបានចេញបទបញ្ជាប្រតិបត្តិចំនួន៣៣។ ប្រធានាធិបតី ចូ បៃដិន បានចេញបទបញ្ជាប្រតិបត្តិចំនួន៤២។
ប៉ុន្តែចំណែកក្នុងដើមអាណត្តិទី២របស់លោក ដូណាល់ ត្រាំ គឺលោកបានចេញបញ្ជាប្រតិបត្តិរហូតដល់ជាង៦០បទបញ្ជា ត្រឹមរយៈពេល២០ថ្ងៃប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


