Connect with us

ព័ត៌មានអន្ដរជាតិ

​​តើ​វាសនាលោក​ Yoon ​នឹ​ងទៅជាយ៉ាងណា បើតុលាការ​ធម្មនុញ្ញ​ជិត​ប្រកាសសាលក្រមហើយ​?​

បានផុស

នៅ

ជោគ​វាសនា​​​​ត្រឡប់​ទៅកាន់​អំណាច​​​​ក្នុង​នាម​ជា​ប្រធានាធិបតីកូរ៉េខាងត្បូងវិញ​​របស់​ លោក Yoon Suk-yeol ​​ហាក់​សង្ឃឹមតិចតួច​ណាស់​ ខណៈ​​តុលាការ​​​​​ធម្មនុញ្ញ​កូរ៉េខាងត្បូង​បាន​បញ្ចប់​​ដំណើរការ​​សវនា​ការសួរចម្លើយ និង​​​ការ​​សាក​សួរ​សាក្ស៊ី​ដែលសុទ្ធ​សឹង​ជា​​ប្រមុខ​យោធា​​ក្រោម​ការ​បញ្ជា​​របស់​លោក Yoon។​

លោក Yoon Suk-yeol ​ពេលចូលស្តាប់​សវនាការ​​នៅតុលាការ​ធម្មនុញ្ញ​។​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាមការ​រំពឹងទុក​ ក្រោយ​សវនាការ​សាកសួរ​​​​លើក​ទី​​​​៨​​​​​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​​១៣​ខែកុម្ភៈ​​ ​តុលាការ​ធម្មនុញ្ញ​​ក៏​នឹង​បើក​សវនាការ​​​បូកសរុប​ និង​ប្រកាស​​​សាលក្រម​​​​​​​ស្ថាបពរ​​ដែល​ត្រូវ​បាន​គេ​រំពឹងទុក​យ៉ាងខ្ពស់​​​នៅ​ចុង​ខែ​​​កុម្ភៈនេះ​ឬ​នៅ​​​ដើម​​ខែ​​​មីនា​។​

លោក Yoon Suk Yeol ​ដែល​កំពុងដាក់ការតស៊ូ​ចុង​ក្រោយ​​​ដ៏​​អស់សង្ឃឹមសម្រាប់ជីវិតនយោបាយរបស់គាត់នៅតុលាការធម្មនុញ្ញនៃទីក្រុងសេអ៊ូល បន្ទាប់ពីត្រូវបានចោទប្រកាន់ និងចាប់ខ្លួនពីបទដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលពី​ដើម​ខែ​ធ្នូ​​ឆ្នាំមុន។

បន្ទាប់ពីសវនាការជាច្រើនសប្តាហ៍ តុលាការកំពុងតែខិតជិតដល់ការសម្រេចថាតើត្រូវដកគាត់ចេញពីតំណែងជាផ្លូវការដែរឬទេ។

រឿងរ៉ាវផ្លូវច្បាប់របស់ Yoon ដែលរួមបញ្ចូលផងដែរនូវការចោទប្រកាន់ព្រហ្មទណ្ឌដាច់ដោយ​ឡែកពី​​​គ្នា​លើការចោទប្រកាន់​អំពី​ការ​បះបោរ និង​ការ​រំលោភ​អំណាច​ បានក្លាយទៅជាការសាកល្បងភាពតានតឹងសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសដែលត្រូវបានប្រឈមដោយការធ្វើឱ្យកាន់តែស៊ីជម្រៅផ្នែកនយោបាយ និងការមិនទុកចិត្ត​គ្នា​​​។

អ្នកគាំទ្របក្ស​​​អភិរក្សនិយមរបស់ Yoon បានធ្វើកុបកម្មនៅតុលាការទីក្រុងសេអ៊ូល ដែលបានអនុញ្ញាតឱ្យចាប់ខ្លួន​ប្រធានាធិបតី​​ស្ថិតនៅ​ក្នុងអំណា​ច​ដែលត្រូ​វ​បានព្យួរ​ដោយ​ការ​បោះឆ្នោត​ទម្លាក់​របស់​សភា​​​​។

មេធាវី និងគណបក្សកាន់អំណាចរបស់គាត់បានចោទសួរដោយបើកចំហអំពីភាព​ជឿទុកចិត្ត​បាន​​នៃតុលាការ និងស្ថាប័នអនុវត្តច្បាប់ ហើយ លោក​​ Yoon បានបន្ត​​បង្ហាញ​ការ​មើល​ស្រាល​​​ចំពោះគូប្រជែងសេរីរបស់គាត់ ដោយគាំទ្រទ្រឹស្តីឃុបឃិតគ្មានមូលដ្ឋានអំពីការក្លែងបន្លំការបោះឆ្នោត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការរុញច្រានផ្តាច់ការរបស់គាត់។

ប្រសិនបើលោក Yoon ត្រូវបានបណ្តេញចេញពី​​អំណាច​​ដោយ​​សាលក្រម​តុលាការ​ធម្មនុញ្ញ​​​នៅ​ពេលដ៏ខ្លី​ខាងមុខ​ នោះនឹងបង្កឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី​ដែលអាចសាកល្បងការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងដំណើរការបោះឆ្នោត ខណៈដែលការ​​​​ប្រគល់​អំណាច​​ឲ្យ​ប្រធានាធិបតី​ឡើងវិញអាចជំរុញឱ្យមានអស្ថិរភាព​កាន់តែ​ខ្លាំង​បន្ថែមទៀត​នៅ​ក្នុង​ប្រទេសកូរ៉េ​ខាងត្បូង​​ ប្រសិនបើសាធារណជនមើលឃើញថាវាអយុត្តិធម៌។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលរំពឹងទុកនៅខែមីនា នឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង។ នេះជាការមើលពីរបៀបដែលវាត្រូវបានសម្រេច។

​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ AP ​នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង រដ្ឋសភាមានអំណាចក្នុងការចោទប្រកាន់ប្រធានាធិបតី ប៉ុន្តែមិនអាចដក​​​ចេញពីតំណែង​ត្រង់ៗ ឬ​ដោយ​ផ្ទាល់​បាន​នោះ​ទេ។ បន្ទាប់ពីការចោទប្រកាន់ អំណាចរបស់ប្រធានាធិបតីត្រូវបានព្យួរជាបណ្តោះអាសន្ន ហើយការកាត់ក្តីចាប់ផ្តើមនៅតុលាការធម្មនុញ្ញ។

តុលាការ​ធម្មនុញ្ញ​មានពេល១៨០​ថ្ងៃ (ឬ​​៦ខែ)​ ដើម្បីដក​ប្រធានាធិបតី​​ចេញពីតំណែង ឬបដិសេធការចោទប្រកាន់​​របស់​រដ្ឋ​សភា​​ និងស្ដារអំណាចរបស់គាត់ឡើងវិញ។ ប្រសិនបើគាត់ត្រូវបានបណ្តេញចេញពីតំណែង ការបោះឆ្នោតជាតិដើម្បីជ្រើសរើសអ្នកស្នងតំណែង​ប្រធានាធិបតី​​​ត្រូវតែធ្វើឡើងក្នុងរយៈពេល៦០​ថ្ងៃ។

សភាបានចោទប្រកាន់ជាក់លាក់ប្រឆាំងនឹង​ប្រធានាធិបតី Yoon ដូច​ជា​​ ចោទប្រកាន់​ អំពី​ ការប្រើប្រាស់កម្លាំងយោធាខុស ការគេចវេះពីដំណើរការផ្លូវច្បាប់ដើម្បីប្រកាសភាពអាសន្ន និងការប៉ុនប៉ងរំលាយសភា ប៉ុន្តែតុលាការតម្រូវឱ្យវិនិច្ឆ័យថាតើគាត់អាចបន្តកាន់តំណែងបានឬអត់។ ការ​ដក​លោក Yoon ចេញ​នឹង​ត្រូវ​ការ​សំឡេង​គាំទ្រ​​​​ (ការបោះឆ្នោតគាំទ្រ​)​ដោយចៅ​ក្រម​៦​រូប​ក្នុង​ចំណោម​ចៅក្រម​ទាំង​៨​រូប​របស់​តុលាការ​ធម្មនុញ្ញ​​​។

​​អ្វី​ជាការ​កត់​សម្គាល់​​សម្រាប់​ការ​តស៊ូ​ចុងក្រោយ​របស់​លោក​ Yoon ក្នុង​ការ​ទទួលបាន​អំណាច​​វិញ គឺ​ពឹងទៅ​លើ​​ចៅ​ក្រម​​​តុលាការ​ធម្មនុញ្ញ​នេះ​ហើយ។ ក្នុង​ចំណោម​ចៅក្រម​ទាំង​​​៨​រូប​នោះ​ មាន៥រូប​​​ត្រូវ​បាន​គេ​ដឹង​​​ថា​កើត​ចេញ​ពី​​​​​បក្ស​កាន់​អំណាច​ ដោយ​​​៤​រូប​​​ត្រូវបាន​តែងតាំង​ដោយ​លោក Yoon Suk Yeol និង​ ១រូប​​ត្រូវ​បាន​​ជ្រើសតាំង​​និង​អនុម័ត​ដោយ​​​​ប្រធានាធិបតី​ស្តីទី Choi Sang-mok​។ ចំណែក​ចៅ​ក្រម​​៣​រូប​ទៀត​​ គឺ​មានពីរ​រូប​​តាំងតែង​ដោយ​អតីត​ប្រធានាធិបតី Moon Jae-in និង​១រូប​ទៀត​​ត្រូវ​បាន​​​ជ្រើស​តាំង​​ដោយ​សភា​​​ដែលគ្រប់គ្រង​ដោយ​​គណបក្ស​ប្រជាធិបតេយ្យ​។​

តុលាការ​ធម្មនុញ្ញដំណើរ​ការ​សវនាការ​​រប់ស​លោក Yoon ​ក្នុងពេលកន្លងមក។ Reuters

​ក្នុងករណី​ដែល​ចៅក្រម​​​ទាំង​៨​រូបនេះ បើ​មានតែ​​៣​បោះឆ្នោត​​ប្រឆាំង​ការ​​​​ដក​ដំណែង​លោកប្រធានាធិបតីដែល​សភា​បោះឆ្នោតទម្លាក់​ នោះ​​​លោក Yoon Suk Yeol នឹងអាច​ទទួលបាន​អំណាច​វិញ​ពេញលេញ។​

ទោះបីជាបែបណាក៏ដោយ ​លោក​ Yoon Suk Yeol ដែល​កាន់​តំណែង​ជាអ្នក​ច្បាប់​​២៧​ឆ្នាំ​ក្នុង​តួនាទីជា​អគ្គរដ្ឋអាជ្ញា​ ​ហាក់​​ដើរ​ដល់​ផ្លូវ​ទល់​ច្រក​​​លើ​ដំណើរ​ការ​ផ្លូវ​ច្បាប់​ដោយ​​សារ​ការ​បង្ក​កំហុស​​ធ្ងន់​ធ្ងរ​ នាំ​ប្រទេសវឹក​វរ អស្ថេរភាព ដែល​សូម្បី​មន្ត្រី​ក្នុងបក្ស​របស់​លោក​ក៏យល់​ថា អ្វី​ដែលលោក​បានប្រកាស​ច្បាប់​អាជ្ញាសឹក​កាលថ្ងៃទី​៣ខែធ្នូ​នោះ «ខុសច្បាប់»​ដែរ។

ក្រៅ​ពីតុលាការធម្ននុញ្ញ​នេះ លោក​ Yoon Suk Yeol ប្រឈមបទឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​​ផ្សេងទៀត ដែលត្រូវ​បានចោទ​ប្រកាន់រួចហើយ។ ក្នុងករណី​អស់អំណាច​ ប្រធានាធិបតី Yoon អាច​ប្រឈម​ទោស​ជាប់​ពន្ធនាគារ​១ជីវិតឬ ទោសប្រហារជីវិត៕​

ដោយ រ៉ាន់ រើយ​

អ្នកកាសែត​ចោមរោម​សួរសំណួរទៅកាន់​មេធាវី Yoon Kab-keun ដែល​ការ​ពារក្តី​ឲ្យលោក Yoon។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម