ព័ត៌មានជាតិ
ទីតាំងសាងសង់ស្ពានឆ្លងទៅអរិយក្សត្រ ប៉ះពាល់ខ្សែបញ្ជូនអគ្គិសនីក្រោមដី មន្រ្តីជំនាញចុះទៅពិនិត្យ
ក្រុមមន្រ្តីបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV កាលពីថ្ងៃទី ២៥ កុម្ភៈម្សិលមិញនេះ បានចុះពិនិត្យខ្សែបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដីដែលរងផលប៉ះពាល់ ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (អរិយក្សត្រ)។


ក្នុងការចុះទៅពិនិត្យ ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។
តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម (MV) នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។
ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។
ស្ពាននេះសាងសង់ឡើងជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន ២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ ម ទន្លេមេគង្គប្រវែង ១ ២៦២ម មានទទឹងស្ពាន ២៦,៥ម និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ២៤០ ដុល្លារអាមេរិក។
នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីពេលកន្លងទៅ លោក Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានអះអាងនៅចំពោះមុខអតីតនាយករដ្ឋមន្រ្តីកម្ពុជាថា ស្ពានឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រនឹងបើកការដ្ឋាន ឬចុះបឋមសិលាសាងសង់នៅឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកតែងតែតាមដានវឌ្ឍនភាពដំណើរការគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅចុះបឋមសិលាបើកការដ្ឋានសាងសង់ឆាប់ៗ។
រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា តាមរយៈគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ត្រើយទាំងពីរនៃដងទន្លេសាបនិងទន្លេមេគង្គ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជានៅតំបន់អាស៊ាន និងនៅតំបន់មេគង្គ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


