Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹលបាក់​សង្កត់​ជម្រក​កម្មករសំណង់​​​បណ្តាល​ឲ្យស្លាប់​៨នាក់​​​​នៅរដ្ឋ​ជាប់​ព្រំ​ដែន​ឥណ្ឌា-​ចិន​​

បានផុស

នៅ

ចំនួនអ្នកស្លាប់បានកើនឡើងដល់​៨នាក់ក្នុងហេតុការណ៍បាក់ព្រឹលកាលពីថ្ងៃសុក្រនៅក្នុងតំបន់ភ្នំហិម៉ាឡៃ​នៃរដ្ឋ Uttarakhand របស់ប្រទេស​ឥណ្ឌា​ បន្ទាប់ពីអាជ្ញាធរបានបញ្ចប់ប្រតិបត្តិការដើម្បីជួយសង្គ្រោះកម្មករដែលជាប់​​នៅ​ក្នុង​នោះ​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ខែមីនានេះ។

កាលពីថ្ងៃសុក្រមានហេតុការណ៍បាក់ព្រឹលវាយប្រហារ​កន្លែង​​ស្នាក់​នៅ​របស់​កម្មករសំណង់ប្រមាណ៥៥នាក់ នៅជិតភូមិ Mana ក្នុងស្រុក Chamoli ជាប់ព្រំដែនជាមួយទីបេ​ក្នុងតំបន់ភ្នំហិម៉ាឡៃយ៉ានរដ្ឋ Uttarakhand។

គិតត្រឹមថ្ងៃសៅរ៍ ក្រុមអ្នក​ជួយ​សង្រ្គោះ​​​អាច​ជួយ​មនុស្សចំនួន៥០នាក់ចេញពីកន្លែងកើតហេតុ ប៉ុន្តែ៤នាក់ក្រោយមកបានបាត់​បង់ជីវិត ដោយសាររបួសធ្ងន់​ធ្ងរពេក​។ មកដល់ថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពដែលនៅ​សេស​សល់​ តាមរយៈយន្តហោះគ្មានមនុស្សបើក និង​សត្វឆ្កែស្វែងរកដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់។

យោងតាមកងទ័ព​ឥណ្ឌា ភាគច្រើននៃអ្នកដែលជាប់​​ក្នុង​កន្លែង​ស្នាក់​នៅ​គឺជាពលករចំណាកស្រុកដែលធ្វើការលើគម្រោងពង្រីកផ្លូវហាយវេដែល​​មាន​ប្រវែង​៥០គីឡូម៉ែត្រពី Mana ដែលជាភូមិរបស់ឥណ្ឌាទៅ Mana Pass ក្បែរព្រំដែនចិន។

គួររម្លឹកថាក្នុងឆ្នាំ២០២១ មនុស្សជិត១០០នាក់បានស្លាប់នៅរដ្ឋ Uttarakhand ដោយសារផ្ទាំងទឹកកកព្រឹល​ដ៏ធំមួយបាន​ធ្លាក់ចូលទៅក្នុងទន្លេដែលបង្កឱ្យមានទឹកជំនន់ភ្លាមៗ។ កាលពីឆ្នាំ២០១៣ ក៏មានការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ និងការរអិលបាក់ព្រឹលបានសម្លាប់មនុស្ស​៦០០០នាក់ ហើយបាននាំឱ្យមានការអំពាវនាវឱ្យពិនិត្យឡើងវិញនូវគម្រោងអភិវឌ្ឍន៍នៅក្នុងរដ្ឋ។ ជាមួយគ្នានេះនៅឆ្នាំ ២០២២ ហេតុការណ៍បាក់ផ្ទាំងទឹកកកព្រឹលក៏បានសម្លាប់អ្នកឡើងភ្នំចំនួន២៧នាក់នៅរដ្ឋ Uttarakhandដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម