ព័ត៌មានជាតិ
លោក Hideisa Horinouchi ៖ នៅពេលនេះ កម្ពុជា កំពុងដើរតួនាទីនៅក្នុងការកសាងសន្តិភាពសកល!
លោក Hideisa Horinouchi ដែលជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអះអាងថា នៅពេលនេះ កម្ពុជាដែលជាប្រទេសធ្លាប់រងទុក្ខព្រោះតែសង្រ្គាមដ៏រ៉ាំរ៉ៃ កំពុងតែដើរនាទីនៅក្នុងការកសាងសន្តិភាពសកល។ លោកបានអះអាងបែបនេះនៅក្នុងកិច្ចសម្ភាសខ្លីផ្តាច់មុខជាមួយសារព័ត៌មាន«កម្ពុជាថ្មី»ក្នុងពេលលោកចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី«ការវិវត្តរបស់UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ»ដែលសហការរៀបចំដោយស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់(CCRS) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសខ្លីរវាង«កម្ពុជាថ្មី» និងលោក HORINOUCHI Hidehisa៖

កម្ពុជាថ្មី៖ ឆ្នាំនេះ គឺជាគម្រប់ខួប៨០ឆ្នាំនៃការបញ្ចប់សង្រ្គាមលោកលើកទី២។ កម្ពុជា គឺជាប្រទេសអាស៊ីអាគ្នេយ៍មួយដែលមានបទពិសោធទទួលរងនូវផលប៉ះពាល់យ៉ាងច្រើន និងយ៉ាងយូរពីសង្រ្គាមនេះ។ ក្នុងពេលដែលកម្ពុជាទាមទារបានឯករាជ្យ គឺនៅចំពេលនៃអស្ថិភាពក្រោយសង្រ្គាមនៅឥណ្ឌូចិន ដូច្នេះហើយ កម្ពុជាបានជួបប្រទះ និងតស៊ូនៅក្នុងសង្រ្គាមស៊ីវិល របបខ្មែរក្រហម និងរយៈកាលអន្តរកាលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ មុនសម្រេចបាននូវការផ្សះផ្សាជាតិទាំងស្រុងក្រោមនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ បច្ចុប្បន្ននេះ កម្ពុជា កំពុងមានសុខ សន្តិភាព និងស្ថិរភាពពេញលេញ ហើយបានក៏ចូលរួមចែករំលែកសន្តិភាព និងស្ថិរភាពនេះនៅក្នុងសហគមន៍អន្តរជាតិថែមទៀតផង។ ស្របពេលដែលជម្លោះនានានៅទូទាំងពិភពលោកនេះកំពុងតែបន្តកើតមាន តើលោកគិតថា តើកម្ពុជាអាចចែករំលែកនូវទស្សនទានពិសេសអ្វីខ្លះទៅសហគមន៍អន្តរជាតិ?
លោក Hideisa Horinouchi៖ ប្រទេសជប៉ុន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការកសាងប្រទេសកម្ពុជាឡើងវិញកាលពីដំបូងៗ ជាពិសេស ទៅលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការផ្សេងៗ បានបន្តចូលរូមនៅក្នុងការបោសសម្អាតមីន តាំងពីដំបូងភា្លមៗក្រោយពីសង្រ្គាមស៊ីវិលមកម្លេះ។ ជាលទ្ធផល បច្ចេកវិទ្យាបោសសម្អាតមីនរបស់កម្ពុជានាពេលនេះ គឺចូលនៅក្នុងលំដាប់ថ្នាក់ពិភពលោកហើយ។ ផ្អែកលើមូលដ្ឋាននេះ ប្រទេសកម្ពុជានាពេលនេះ កំពុងតែផ្តល់នូវការហ្វឹកហ្វឹនដោះមីនទៅកាន់ប្រទេសនានា មានដូចជា ប្រទេសកូឡុំប៊ី ហើយថ្មីៗនេះ គឺប្រទេសអ៊ុយក្រែន។ នេះបង្ហាញថា កម្ពុជា កំពុងដើរតួនាទីនៅក្នុងការកសាងសន្តិភាពសកល ហើយខ្ញុំជឿថា កិច្ចសហប្រតិបត្តិបែបនេះ នឹងបន្តកើតមានឡើងទៀតនៅពេលអនាគត។

កម្ពុជាថ្មី៖ ក្នុងនាមជាអ្នកជំនាញច្បាប់អន្តរជាតិ និងជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ(ITLOS) តើលោកគិតថា កម្ពុជា អាចប្រើប្រាស់ក្របខណ្ឌច្បាប់អន្តរជាតិ ដូចជា អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ(UNCLOS)ជាដើម បានយ៉ាងដូចម្តេច ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាព? ដូចលោកបានឃើញស្រាប់ថា នៅពេលនេះ កម្ពុជា បានពង្រីកនូវតួនាទីរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដោយបានគាំទ្រក្របខណ្ឌយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីកសេរី និងបើកចំហរ(FOIP) ក៏ដូចជា ការបញ្ជូនកងទ័ពទៅចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចំពោះការវិវត្តថ្មីៗនេះ តើលោកគិតថា កម្ពុជាគួរដើរតួនាទីអ្វីនៅក្នុងស្ថាប័នច្បាប់អន្តរជាតិដូចជា UNCLOS និង ITLOS ហើយកម្ពុជាអាចសហការក្នុងវិស័យអ្វីខ្លះជាមួយប្រទេសផ្សេងៗ?
លោក Hideisa Horinouchi៖ តាមទស្សនៈរបស់ខ្ញុំ កម្ពុជា ជាប្រទេសមួយដែលបានកសាងប្រទេសតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្តរជាតិ ជាពិសេស ជាមួយការគាំទ្ររបស់អង្គការសហប្រជាជាតិ។ ក្នុងមូលដ្ឋានសាវតានេះ ប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងខ្លាំង និងតែងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។ ជាឧទាហរណ៍ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) កម្ពុជា គឺជាសមាជិកអាស៊ានតែមួយគត់ដែលបានចូលរួម។ នេះសរបង្ហាញឱ្យឃើញថា កម្ពុជា មានឆន្ទៈក្នុងការចូលរួមនៅក្នុងសន្ធិសញ្ញាពហុភាគីនានារបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្ពុជាមិនទាន់បានចូលក្នុងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ(UNCLOS)នៅឡើយទេ។ ប្រសិនបើកម្ពុជាចូលជាសមាជិក UNCLOS នាពេលខាងមុខនេះ វានឹងក្លាយជាការចូលរួមដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវសង្គមជាលក្ខណៈសកលដែលគ្រប់គ្រងដោយច្បាប់ និងយុត្តិធម៌។

សូមបញ្ជាក់ថា លោក Hideisa Horinouchi គឺជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ លោកបានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបានចូលរួមសិក្ខាសាលាពិសេស ក្នុងនាមជាវាគ្មិនកិត្តិយស ក្រោមប្រធានបទ«ការវិវត្តរបស់UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ» ដែលសហការរៀបចំដោយស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់(CCRS)។ ជាមួយគ្នានេះ លោក ក៏បានផ្លាស់ប្តូរទស្សនៈជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


