ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញវិធានការមួយចំនួនបង្កើនទំនុកចិត្តពី កម្មករ-និយោជិត មកលើយន្តការអធិការកិច្ចការងារ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្កើនទំនុកចិត្តពីកម្មករ-និយោជិត និងសាធារណជន មកលើយន្តការអធិការកិច្ចការងារ។

បើតាមក្រសួងការងារ បានឱ្យដឹងថា វិធានការទាំងនោះរួមមាន ផ្ដល់ថាមភាពដល់បញ្ជាការឯកភាពក្រុមអធិការកិច្ចជាមជ្ឈមណ្ឌលសម្របសម្រួលពិនិត្យ និងវាយតម្លៃអធិការកិច្ចការងារ។ រៀបចំផែនការសកម្មភាពអធិការកិច្ចការងារ ដោយផ្អែកលើកម្រិតហានិភ័យ ដោយមានការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ។ ពង្រឹងភាពស្អាតស្អំ និងការអនុវត្តតួនាទីរបស់អធិការការងារតាមរយៈការលើកទឹកចិត្ត និងការចាត់វិធានការវិន័យ។ បន្តផ្ដល់វិជ្ជាជីវូបនីយកម្ម តាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការចែករំលែកបទពិសោធ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យសហគ្រាស គ្រឹះស្ថាន និងអធិការកិច្ចការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដើម្បីធានាបាននូវការអនុវត្តការផ្តល់ និងបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ-និយោជិតឱ្យបានត្រឹមត្រូវ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការពង្រឹងការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ គឺជាការធានានូវការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារសមរម្យ ដោយគ្រប់ភាគីពាក់ព័ន្ធត្រូវគោរពឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ និងធានាបាននូវការអនុវត្ត ការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករ-និយោជិត ជៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។

លោកបានបន្តថា ការពង្រឹងអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបាននូវគោលដៅរបស់កម្ពុជា ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលជាទិសដៅការងារយ៉ាងសំខាន់របស់ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


