ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ក្មេងជំនាន់ Gen Z មានទំនោរវិនិយោគពីក្មេង
របាយការណ៍ស្ទង់មតិរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា ក្មេងជំនាន់ Gen Z មានទំនោរលើការវិនិយោគពីក្មេង ធៀបនឹងក្មេងកើតជំនាន់មុនៗ ដែលនេះឆ្លុះបញ្ចាំងធំពីការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកវិនិយោគិនវ័យក្មេងក្នុងលក្ខណៈជាបុគ្គល។

របាយការណ៍ «អ្នកវិនិយោគជាបុគ្គលសកលឆ្នាំ ២០២៤» ដែលធ្វើការស្ទង់មតិទៅលើមនុស្សប្រមាណ ១៣ ០០០ នាក់ ពីប្រទេសចំនួន ១៣ បានបង្ហាញថា ៣០ ភាគរយ នៃក្មេងជំនាន់ Gen Z បានចាប់ផ្ដើមធ្វើការវិនិយោគពីក្មេងៗទៅ ធៀបនឹង ១៥ ភាគរយ នៃក្មេងជំនាន់ Millennials, ៩ ភាគរយ នៃក្មេងជំនាន់ Gen X, និង ៦ ភាគរយ នៃក្មេងជំនាន់ Baby Boomers។
របាយការណ៍បន្តថា៖ «ពេលចូលធ្វើការ ៨៦ ភាគរយ នៃក្មេងជំនាន់ Gen Z បានសិក្សាអំពីការវិនិយោគផ្ទាល់ខ្លួនរួចហើយ ធៀបនឹង ៤៧ ភាគរយ នៃក្មេងជំនាន់ Boomers ដែលនេះគូសបញ្ជាក់ពីការផ្លាស់ប្តូរតាមជំនាន់នៃទម្លាប់ហិរញ្ញវត្ថុ»។
លើសពីនេះ របាយការណ៍ស្រាវជ្រាវសកលដដែលក៏បង្ហាញផងដែរ អំពីនិន្នាការរីកចម្រើននៃបច្ចេកវិទ្យា ក្មេងជំនាន់ក្រោយៗ កាន់តែបើកចំហចំពោះដំបូន្មានផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយ ៤១ ភាគរយ នៃក្មេងជំនាន់ Gen Z និង Millennials មានទំនោរអនុញ្ញាតឱ្យ AI ជួយគ្រប់គ្រងការវិនិយោគរបស់ពួកគេ ខណៈមានតែ ១៤ ភាគរយ នៃក្មេងជំនាន់ Baby Boomers ប៉ុណ្ណោះដែលធ្វើដូចគ្នានេះ។

គួរគូសបញ្ជាក់ថា ក្មេងជំនាន់ Gen Z សំដៅលើក្មេងដែលកើតនៅចន្លោះពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០១០, ជំនាន់ Millennials គឺចន្លោះពី ១៩៨១-១៩៩៥, ជំនាន់ Gen X គឺចន្លោះពី ១៩៦៥-១៩៨០ និងជំនាន់ Baby Boomers គឺអ្នកដែលកើតក្រោយសង្រ្គាមលោកលើកទី២ ដល់ឆ្នាំ ១៩៦៤។
ប្រធានទីផ្សារហិរញ្ញវត្ថុ និងភាពធន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក លោកស្រី Natalya Guseva បាននិយាយថា៖ «មនុស្សជំនាន់ក្រោយៗ និងបុគ្គលនៅប្រទេសមានទីផ្សារកំពុងរីកចម្រើន ចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗលើការវិនិយោគដើម្បីបង្កើតទ្រព្យសម្បត្តិ និងបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ»។
លោកស្រីបានបន្តថា៖ «ដោយសារការផ្លាស់ប្តូរជានិរន្តរភាពនៃប្រជាសាស្រ្តវិនិយោគ វាគឺជារឿងសំខាន់សម្រាប់អ្នកដឹកនាំក្នុងការវាយតម្លៃឡើងវិញនូវទិដ្ឋភាពនៃការវិនិយោគជាលក្ខណៈបុគ្គល និងធានាថាអ្នកវិនិយោគម្នាក់ៗទទួលបានការអប់រំហិរញ្ញវត្ថុត្រឹមត្រូវ និងមានឧបករណ៍វិនិយោគដែលគាំទ្រដល់គោលដៅហិរញ្ញវត្ថុរបស់ពួកគេ»។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា អ្នកវិនិយោគិនជាលក្ខណៈបុគ្គលកាន់តែយល់ថា ការវិនិយោគលើគ្រីបតូ គឺងាយស្រួលយល់ ជាងការវិនិយោគបែបប្រពៃណីដូចជា ETFs មូលនិធិសង្គហៈ មូលបត្របំណុល និងភាគហ៊ុនជាដើម។ នេះបើតាមការស្ទង់មតិនៃរបាយការណ៍ដដែលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


