Connect with us

សេដ្ឋកិច្ច

សាច់ជ្រូក សាច់មាន់ ទំនងមិនឡើងថ្លៃទៀតទេ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា ស្ថានភាពតម្លៃសាច់ជ្រូក មាន់នៅលើទីផ្សារ​មាន​ភាព​​​​ល្អប្រសើរ ពោលគឺមិនមានការឡើង​ថ្លៃនោះ​ទេ នាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹង​ជិតចូល​មកដល់នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងធ្វើការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសាខាងមុខនេះ ដែលរាល់ពលរដ្ឋកម្ពុជានឹងធ្វើការជួបជុំក្រុមគ្រួសារនាស្រុកកំណើតរៀងៗខ្លួន និងដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ថា៖«តម្លៃសាច់ជ្រូកប្រហែលជាអាចថេរ មិនអាចឡើងថ្លៃទៀតទេ អ្នក​ភ័យខ្លាច​ថា​ចូលឆ្នាំឡើងថ្លៃ មិនអាចទៀតទេត្បិតអី​សមាគមក៏បានរៀបចំថា​មិនអោយ​បងប្អូន​យើង អត់អោយ​ឡើង​ថ្លៃទៀតទេ សុំតម្លៃប៉ុណ្ណឹង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើង​គាត់អាច​ទទួល​យកបាន ខណៈ​ការផ្គត់ផ្គង់ជ្រូក និងមាន់ក៏មិនខ្វះទេ»។​

បច្ចុប្បន្ន សាច់ជ្រូកនៅលើទីផ្សារមានតម្លៃចាប់ពី ១ ម៉ឺន ៨ ពាន់រៀល ទៅ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

លោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម ខណៈតម្លៃនេះ​ ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក និងអ្នកបរិភោគនោះទេ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាតម្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹង​ចាត់​វិធាន​ការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។

អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា៖ «កន្លងមក យើងបានធ្វើកិច្ចការជាច្រើន​ពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធ​ស្បៀងអាហាររបស់កម្ពុជា»។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៩ ពាន់ក្បាល ក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម