ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ រុស្ស៊ីកំពុងទាញចិន ឲ្យមកចូលរួមក្នុងសង្គ្រាមដែរហើយ
ថ្លែងប្រាប់អ្នកកាសែតក្នុងទីក្រុងកៀវ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ី កំពុងទាញចិន ឲ្យមកចូលរួមជាមួយសង្គ្រាមនេះហើយ។ ទីក្រុងមូស្គូកំពុងកែនពលរដ្ឋចិន ឲ្យមកប្រយុទ្ធ ហើយអ៊ុយក្រែន ថែមទាំងទទួលបានព័ត៌មានលម្អិតអំពីជនជាតិចិនយ៉ាងតិច១៥៥នាក់ ដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខទៀតផង។

លោកនិយាយថា «បញ្ហាចិននេះគឺធ្ងន់ធ្ងរណាស់។ មានមនុស្ស១៥៥នាក់ ដែលយើងមានទាំងឈ្មោះនិងព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន កំពុងប្រយុទ្ធតទល់នឹងអ៊ុយក្រែននៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។ យើងជឿថា មានជនជាតិចិនច្រើនទៀត ប៉ុន្តែយើងត្រូវប្រមូលព័ត៌មានបន្ថែមសិន។ រុស្ស៊ីជ្រើសរើសជនជាតិចិន ដោយប្រើវិធីសាស្រ្តតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស TikTok តែម្តង។ នេះសបញ្ជាក់ថា រុស្ស៊ី កំពុងទាញចិន ឲ្យចូលមកក្នុងសង្គ្រាមនេះដែរហើយ»។
ការអះអាងនេះ កើតឡើងបន្ទាប់ពីលោកបង្ហោះវីដេអូលើបណ្តាញសង្គម X ភ្ជាប់ជាមួយសំណេរថា កងកម្លាំងរបស់លោក ចាប់បានជនជាតិចិន ២នាក់ដែលប្រយុទ្ធឲ្យរុស្ស៊ីនៅក្នុងតំបន់ Donetsk ហើយភ្លាមៗក្រោយការប្រកាសនេះ ក្រសួងការបរទេសអ៊ុយក្រែន បានហៅភារធារីរបស់ចិនប្រចាំនៅទីក្រុងកៀវ ឲ្យមកបំភ្លឺជុំវិញអ្វីដែលខ្លួនអះអាងថា ជាការចូលដៃរបស់ទីក្រុងប៉េកាំងក្នុងជម្លោះជាមួយរុស្ស៊ី។
យ៉ាងណា មិនទុកយូរឡើយ ចិន ក៏បញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយអ៊ុយក្រែនហើយ ដើម្បីផ្ទៀងផ្ទាត់របាយការណ៍ខាងលើ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថា «ប្រទេសចិនកំពុងផ្ទៀងផ្ទាត់ព័ត៌មានជាមួយភាគីអ៊ុយក្រែន។ ខ្ញុំសូមសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនតែងតែស្នើជនជាតិចិននៅឲ្យឆ្ងាយពីតំបន់ជម្លោះប្រដាប់អាវុធ ចៀសវាងការពាក់ព័ន្ធក្នុងទម្រង់ណាមួយនៅក្នុងជម្លោះប្រដាប់អាវុធ និងជាពិសេសចៀសវាងការចូលរួមក្នុងប្រតិបត្តិការយោធារបស់ភាគីណាមួយ»។
សូមជម្រាបជាថ្មី តាំងពីដំបូងមក មានតែទាហានកូរ៉េខាងជើងប៉ុណ្ណោះ ដែលគេដឹងថា ត្រូវបញ្ជូនទៅជួយរុស្ស៊ី ប្រយុទ្ធនឹងអ៊ុយក្រែន។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ មន្ត្រីលោកខាងលិច បានប្រាប់ សារព័ត៌មាន BBC ថា ទាហានកូរ៉េខាងជើង ១ ០០០នាក់បានស្លាប់ក្នុងការប្រយុទ្ធនៅតំបន់ Kursk ត្រឹមរយៈពេល៣ខែ។
មិនត្រឹមប៉ុណ្ណឹង ក៏មានសេចក្តីរាយការណ៍ដែរថា កូរ៉េខាងជើងបានបញ្ជូនទ័ពទៅជួយរុស្ស៊ីជាបន្តបន្ទាប់ទៀត ចំពេលទំនាក់ទំនងរវាងលោក វ្ល៉ាឌីមៀរ ពូទីន និង គីម ជុងអ៊ុន កាន់តែស្អិតរមួត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ឆ្លើយតបរឿងដែលអ៊ុយក្រែនចាប់បានជនជាតិចិន២នាក់ដែលប្រយុទ្ធឲ្យរុស្ស៊ី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៧ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ