ព័ត៌មានជាតិ
ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤
សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ២០២៥ នេះ កំណើនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីរោងចក្រ មកទទួលសេវាកម្មជិះរថយន្តក្រុងដោយមិនគិតថ្លៃទៅលេងស្រុកកំណើត មានកំណើនច្រើនជាងបណ្ដាឆ្នាំមុនៗ ខណៈនៅឆ្នាំ ២០២៤ មានប្រមាណជាង ៧ ម៉ឺននាក់ ហើយពលរដ្ឋបានចំណេញថវិកាពីការដឹកជញ្ជូនដោយមិនគិតថ្លៃនេះប្រមាណជាង ១ លាន ២ សែនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជូនដំណើរប្រជាពលរដ្ឋ កម្មករ-កម្មការិនី ឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ខណ្ឌឫស្សីកែវ កាលពីព្រឹកព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ។

លោក ឃួង ស្រេង មានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ២០២៥ នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះគឺដោយសារតែប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។

លោក ឃួង ស្រេង បានបន្តថា ក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ រដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្ម នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នៅក្នុងឱកាសបុណ្យជាតិធំៗ ម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ពួកគាត់។ ការងារនេះ បើមើលមួយភ្លែតគិតថាសាមញ្ញ ប៉ុន្តែមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាល បានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយសេនរបស់ប្រជាពលរដ្ឋក៏ដោយ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ ២០២៤ កន្លងមកនេះ ប្រជាពលរដ្ឋ កម្មករ-កម្មការិនីរោងចក្រ បានទទួលសេវារថយន្តក្រុងពីរដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃប្រមាណជាង ៧ ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលបានកាត់នូវការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនេះប្រមាណជាជាង ១ លាន ២ សែនដុល្លារ។

គួរបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


