ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ប្រកាសត្រៀមដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្រ្គាម
ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រកាសពីការត្រៀមខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ពេញលេញ ដកកងកម្លាំងរបស់ខ្លួនចេញពីហ្គាហ្សា និងចាប់ផ្តើមការកសាងឡើងវិញនៅក្នុងតំបន់ដែលហែកហួរដោយភ្លើងសង្រ្គាម។

មេដឹកនាំក្រុមហាម៉ាស លោក Khalil Al-Hayya បានសង្កត់ធ្ងន់លើគោលជំហររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤៥ថ្ងៃ និងបានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាបានប្រើប្រាស់កិច្ចព្រមព្រៀងដែលមានលក្ខណៈមិនពេញលេញ ដើម្បីអូសបន្លាយជម្លោះ។ លោក Al-Hayya បាននិយាយថា ក្រុមហាម៉ាសទទូចលើកិច្ចព្រមព្រៀងពេញលេញ ដោយបដិសេធមិនព្រមទម្លាក់អាវុធ ដែលជាលក្ខខណ្ឌទាមទារដោយភាគីអ៊ីស្រាអែល។
កន្លងមក កិច្ចព្រមព្រៀងដែលបានស្នើឡើងពីក្រុមហាម៉ាស ត្រូវបែងចែកជាដំណាក់កាលដូចជា៖
- ដំណាក់កាលទីមួយ៖ បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ ដោយក្នុងអំឡុងពេលនោះក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងវ័យចំណាស់ ស្ត្រី និងកុមារ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។
- ដំណាក់កាលទីពីរ៖ ក្រុមហាម៉ាសបានបង្ហាញពីឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ក្នុងពេលដំណាលគ្នាតែម្ដង ដោយប្រកាន់យកកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកខ្លួនទាំងស្រុងចេញពីហ្គាហ្សា។
- ដំណាក់កាលទីបី៖ ការចាប់ផ្តើមកសាងឡើងវិញនូវតំបន់ហ្គាហ្សា និងការចរចាបន្ថែមទៀតលើការរៀបចំរយៈពេលវែង។
យ៉ាងណាមិញ អ៊ីស្រាអែលបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស។ លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានចាត់ទុកសំណើរបស់ក្រុមនេះថាជា «រឿងរវើរវាយ» ដោយបញ្ជាក់សាជាថ្មីអំពីគោលបំណងរបស់អ៊ីស្រាអែលក្នុងការសម្រេចបាន «ជ័យជម្នះពេញលេញ» លើក្រុមហាម៉ាស។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយដែលធ្វើឲ្យខូចដល់សន្តិសុខរបស់ខ្លួនឡើយ។

ជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស បានបណ្តាលឲ្យមនុស្ស ១ ២០០នាក់ស្លាប់នៅអ៊ីស្រាអែល និងមានការចាប់ខ្លួនចំណាប់ខ្មាំង ២៥១នាក់។ ការណ៍នេះបានបង្កឲ្យផ្ទុះសង្គ្រាមឡើងនៅក្នុងតំបន់ហ្គាហ្សា និងបណ្ដាលឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅទីនោះ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនជាង ៥១ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
អ្នកសម្រុះសម្រួលអន្តរជាតិ រួមមានអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានបន្តចាត់ចែងឲ្យមានការចរចារវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នានៅតែមាន ជាពិសេសលើការរំសាយអាវុធរបស់ក្រុមហាម៉ាស និងលក្ខខណ្ឌនៃបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលជាហេតុធ្វើឲ្យជម្លោះអូសបន្លាយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


