ព័ត៌មានអន្ដរជាតិ
ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច
ការធ្វើដំណើរពីបរទេសទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងរាប់ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ វិញត្រឡប់មកកាន់អំណាចនៅអាណត្តិទី២ ដោយរំពឹងថា នឹងបង្កការខាតបង់ប្រាក់រាប់ប៊ីលានដុល្លារ ជាពិសេសក្នុងវិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងបណ្ដាញទូរទស្សន៍ CNBC។

អ្នកជំនាញបានលើកឡើងថា ហេតុផលសំខាន់ៗដែលបណ្ដាលឱ្យមានការធ្លាក់ចុះ គឺគោលនយោបាយពន្ធគយរបស់លោក ត្រាំ វោហាសាស្រ្តបែបអរិភាពនៃមន្រ្តីរដ្ឋបាល ត្រាំ លើប្រទេសដទៃ ការរឹតបណ្ដឹងការធ្វើដំណើរចូលស្រុកអាមេរិក ក៏ដូចជារបាយការណ៍ស្ដីការឃុំខ្លួន និងការនិរទេសជនបរទេសជាដើម។
កាលពីខែមុន ចំនួនភ្ញៀវបរទេសទៅសហរដ្ឋអាមេរិក បានធ្លាក់ចុះជិត ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ ដែលជាទីភ្នាក់ងារចំណុះឱ្យក្រសួងពាណិជ្ជកម្មអាមេរិក។ កាលពីខែកុម្ភៈ តួលេខដដែលបានធ្លាក់ចុះ ២ ភាគរយ ដែលជាការធ្លាក់ចុះធ្ងន់ធ្ងរបំផុតក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។
CNBC ផ្សាយថា ក្រុមហ៊ុនមួយ នៅ Wall Street បានព្យាករថា ប្រាក់ចំណូលរបស់សហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះរហូតដល់ទៅ ៩០ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៥ នេះ ប្រសិនបើគិតការធ្លាក់ចុះនៃការធ្លាក់ចុះការធ្លាក់ដំណើរចូលស្រុកអាមេរិក ដែលប៉ះខ្លាំងដល់វិស័យទេសចរណ៍ និងការធ្វើពហិការលើផលិតផលរបស់អាមេរិក។
បើគិតទៅតាមប្រទេស ឬតំបន់ ការធ្លាក់ចុះនៃភ្ញៀវពីបរទេសមានសភាពធ្ងន់ធ្ងរខ្លាំងនៅខែមីនា។ យោងតាមទិន្នន័យរបស់រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ ភ្ញៀវពីអឺរ៉ុបខាងលិចបានធ្លាក់ចុះ ១៧ ភាគរយ អាមេរិកកណ្ដាល ២៤ ភាគរយ និងតំបន់ការ៉ាអ៊ីប ២៦ ភាគរយ។ នេះបើតាមសម្រង់ព័ត៌មានរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍។
ទិន្នន័យរបស់ទីភ្នាក់ងារនេះ បានមកពីទម្រង់ I-94 ដែលអ្នកធ្វើដំណើរបំពេញនៅព្រំដែន។ វារាប់បញ្ចូលទាំងជនមិនមែនជាពលរដ្ឋអាមេរិក និងជនមិនមែនជាអន្តោប្រវេសន៍មកពីបរទេស ដែលស្នាក់នៅយ៉ាងហោចណាស់ ១ យប់ សម្រាប់វិស្សមកាល អាជីវកម្ម ឬទៅលេងគ្រួសារ។

វាគឺជាទិន្នន័យបឋម ព្រោះរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិមិនទាន់បានរាប់បញ្ចូនតួលេខពីកាណាដា និងម៉ិកស៊ិក នៅឡើយទេ។ ប៉ុន្តែបើតាម CNBC ទិន្នន័យអ្នកធ្វើដំណើរពីគយ និងការការពារព្រំដែនសហរដ្ឋអាមេរិកបានបង្ហាញថា ភ្ញៀវដែលចូលមកឆ្លងកាត់ព្រំដែនភាគខាងជើង (កាណាដា) បានធ្លាក់ចុះ ១២,៥ ភាគរយ ក្នុងខែកុម្ភៈ និង ១៨ ភាគរយ នៅខែមីនា។
កាណាដា និងម៉ិកស៊ិក គឺជាប្រភពភ្ញៀវទេសចរសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយឆ្នាំមុន មានភ្ញៀវទេសចរ ២០ លាននាក់ពីកាណាដា បានទៅលេងនៅអាមេរិក (ជាមួយនឹងការចំណាយជាង ២០ ប៊ីលានដុល្លារ) និងជាង ១៤,៥ លាននាក់ មកពីម៉ិកស៊ិក។ ក្រៅពីនេះ ភាគច្រើននៃអ្នកធ្វើដំណើរមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា អូស្ត្រាលី ប្រេស៊ីល និងកូឡុំប៊ី។
ចំនួនអ្នកទស្សនាមកពីប្រទេសទាំងនេះ ស្ទើរតែទាំងអស់បានធ្លាក់ចុះនៅក្នុងខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនអ្នកធ្វើដំណើរមកពីប្រទេសកូឡុំប៊ីបានធ្លាក់ចុះ ៣៣ ភាគរយ អាល្លឺម៉ង់ ២៨ ភាគរយ និងអេស្ប៉ាញ ២៥ ភាគរយ។
សមាគមទេសចរណ៍សហរដ្ឋអាមេរិក ដែលជាក្រុមជំនាញបានប៉ាន់ប្រមាណថា ការធ្វើដំណើរបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៣ ទ្រីលានដុល្លារ ទៅក្នុងសេដ្ឋកិច្ចអាមេរិក ដោយបង្កើនការងារប្រមាណ ១៥ លានកន្លែង កាលពីឆ្នាំមុន។

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា