សេដ្ឋកិច្ច
កសិករដាំចន្ទីនៅភ្នំគូលែន ចង់ចងក្រងជាសហគមន៍កសិកម្មទំនើប
ប្រជាកសិករដាំស្វាយចន្ទីប្រមាណជាង ១០០ គ្រួសារ នៅឃុំខ្នងភ្នំ ស្រុកខ្នងភ្នំ លើភ្នំគូលែន ខេត្តសៀមរាប ចាប់អារម្មណ៍ចង់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

ឃុំខ្នងភ្នំនៃភ្នំគូលែន មានអ្នកដាំស្វាយចន្ទីប្រមាណ៨០០គ្រួសារ នៅលើផ្ទៃដីជាង៣០០០ហិកតា ប៉ុន្តែភាគច្រើនមានទិន្នផលទាប ពូជប្រពៃណី ដាំខុសស្តង់ដាបច្ចេកទេស និងជាប្រភេទកសិកម្មយថាផល។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅទីនេះមានទាំងបញ្ហាប្រឈម និងមានទាំងឱកាស ជាពិសេសសក្តានុពលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតឱ្យបងប្អូនកសិករយើងអាច«កែច្នៃរួចនាំចេញនៅនឹងកន្លែង»។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «វាមានសក្ដានុពលក្នុងការចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើប ហើយធ្វើយ៉ាងណា ដើម្បីឱ្យពួកគាត់ទទួលបានប្រាក់ចំណេញពីសក្ដានុពលដែលពួកគាត់មាន»។

អ្នកស្រី នាង ណេត កសិករដាំស្វាយចន្ទីភូមិអន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាបប្រាប់ថា ខ្លួននឹងចូលសហគមន៍កសិកម្មទំនើប ដោយសារកន្លងមកទិន្នផលដាំដុះរបស់នាងមិនទទួលបានទិន្នផលច្រើន។
លោក តូច យន់ មេភូមិខ្លាឃ្មុំ ស្រុកខ្នងភ្នំ ខេត្តសៀមរាបថ្លែងថា៖ «ពីដើមមកយើងធ្លាប់ធ្វើចម្ការចន្ទីលក្ខណៈប្រពៃណី ពេលឯកឧត្តមមកគាត់ចង់បង្កើតសហគមន៍កសិកម្មទំនើប ខ្ញុំចង់ចូលរួមដោយសារតែយើងអាចប្រើប្រាស់ថ្នាំ ជី ក្នុងសហគមន៍បានដើម្បីបង្កើនទិន្នផលយើង»។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


