Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោបញ្ជាក់ពីដំណើរទស្សនកិច្ចទៅឥណ្ឌូនេស៊ី និងទីម័រ ចំពេលមមាញឹកនឹងកម្មវិធីគ្រួសារ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅនេះ បានទម្លាយឱ្យដឹងពីការគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី និងទីម័រ ដែលដំណើរទស្សនកិច្ចនេះ សម្ដេចបញ្ជាក់ថា ចំពេលមមាញឹកនឹងកម្មវិធីក្នុងគ្រួសារ។ ក្នុងន័យនេះ សម្ដេចតេជោ ថា បញ្ហាគ្រួសារ និងការងារ ពិបាកបែងចែកពីគ្នាណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«គិតតែពីគ្រួសារ ចោលការងារក៏មិនបាន។ គិតតែពីការងារ ចោលគ្រួសារក៏មិនបាន»។ សម្ដេចតេជោ បានបន្ថែមដូច្នេះ តាមរយៈសំណេរលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ។

តាមការរៀបរាប់របស់សម្ដេចតេជោ គឺថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភានេះ គឺជាបុណ្យខួប៥ឆ្នាំនៃមរណភាពម្តាយក្មេករបស់សម្ដេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ខណៈដែលក្នុងពេលនេះ ភរិយារបស់សម្ដេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មិនអាចចូលរួមពិធីបុណ្យបាន។ បន្តមក នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា ជាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២ គឺសម្ដេច ហ៊ុន ណេង។

កម្មវិធីបុណ្យទាំងពីរនេះ សម្ដេចតេជោ នឹងចូលរួម ប៉ុន្តែសម្ដេច បញ្ជាក់ថា «ជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃទី៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៊ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៊ី នៅម៉ោង១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)»

ពាក់ព័ន្ធដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ហើយបើតាមកម្មវិធីគ្រោងទុក សម្ដេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ហើយអញ្ជើញធ្វើបាឋកថា នៅលេខាធិការដ្ឋានអាស៊ាន និងការធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃទី៦ ឧសភា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូនេស៊ី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏នឹងបន្តធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី៧ ខែឧសភា រហូតដល់ល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ទើបសម្ដេចអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ។ នេះជាការអះអាងរបស់សម្ដេចតេជោ។

មកដល់ភ្នំពេញភ្លាម សម្ដេចតេជោ នឹងត្រូវចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាសម្ដេច នាថ្ងៃទី១០ ខែឧសភា។ ត្រង់នេះហើយដែលសម្ដេចតេជោ លើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម