Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសក្តែងៗ មិនខ្លាចអាមេរិក សូម្បីបន្តិច

បានផុស

នៅ

ក្រោយលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ថែមព្រមានមិនឲ្យនរណាទិញប្រេងនិងផលិតផលគីមីឥន្ធនៈរបស់ប្រទេសនេះនោះ ស្រាប់តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ប្រកាសក្តែងៗថា ខ្លួនមិនខ្លាចអាមេរិកសូម្បីតែបន្តិច ហើយខ្លួនក៏មិនផ្លាស់ប្តូរគោលនយោបាយតាមការសម្លុតរបស់ទីក្រុងវ៉ាស៊ីនតោនដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យគំរាមរបស់ប្រធានាធិបតីអាមេរិក គឺដោយសារតែលោកខឹងចិត្តចំពោះការដែលកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលគ្រោងធ្វើនៅសប្តាហ៍នេះក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ត្រូវផ្អាកវិញដោយសារហេតុផលខាងភស្តុភារ។

ដូច្នេះហើយ លោកក៏ព្រមានដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ហើយគំរាមថា ប្រទេសណាឬនរណាក៏ដោយ បើហ៊ានទិញប្រេងអ៊ីរ៉ង់ នឹងរងទណ្ឌកម្ម ហើយមិនឲ្យមកធ្វើជំនួញជាមួយអាមេរិកដាច់ខាត។

ប្រតិកម្មចំពោះការគំរាមនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកទៅលើដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួន ដោយចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រទី២ខែឧសភាឆ្នាំ២០២៥ថា «ការបន្តសកម្មភាពខុសច្បាប់ នឹងមិនផ្លាស់ប្តូរជំហរយ៉ាងសមហេតុផល ស្របច្បាប់និងផ្អែកលើច្បាប់អន្តរជាតិរបស់អ៊ីរ៉ង់នោះទេ»។

សព្វាវុធរបស់អ៊ីរ៉ង់ (រូបថត៖ Reuters)

ក្រសួងបន្តថា «ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះផ្លូវការទូតនិងប្រកាសការត្រៀមខ្លួនសម្រាប់បន្តកិច្ចចរចាដែលសម្របសម្រួលដោយប្រយោលពីសំណាក់ប្រទេសអូម៉ង់និងអាមេរិក, សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនខ្លាចការប្រើវិធីសាស្រ្តតាមរយៈការគំរាមកំហែងនិងដាក់សម្ពាធឡើយ»។

សូមជម្រាបថា ទីក្រុងតេហេរ៉ង់និងក្រុងវ៉ាស៊ីនតោន បានបើកកិច្ចចរចាចំនួនបីលើកចាប់តាំងពីថ្ងៃទី១២ខែមេសាមក។ ការពិភាក្សាទាំងនោះ គឺជាទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងភាគីទាំងពីរ ចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ គំរាមថា នរណាហ៊ានទិញប្រេងអ៊ីរ៉ង់ មិនឲ្យមកធ្វើជំនួញជាមួយអាមេរិក ដាច់ខាត!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម