ព័ត៌មានជាតិ
មន្ទីរពេទ្យអ៉ីនធ័រឃែរ ឧបត្ថម្ភថវិកា និងបរិក្ខារមន្ទីរពិសោធន៍ ដល់មន្ទីរពេទ្យ ហ្លួង ម៉ែ
កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកា បរិក្ខារមន្ទីរពិសោធន៍ ពីមន្ទីរពេទ្យអ៉ីនធ័រឃែរ ជាជំនួយដល់មន្ទីរពេទ្យ ហ្លួង ម៉ែ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅក្នុងមន្ទីរពេទ្យ ហ្លួង ម៉ែ ផ្ទាល់។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យអ៉ីនធ័រឃែរ ជាពិសេសលោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ មន្ទីរពេទ្យអ៉ីនធ័រឃែរ ដែលបានផ្តល់កិត្តិយស និងផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ទីរពេទ្យរដ្ឋ និងឯកជន។ លើសពីនេះទៀតគឺបានចូលរួមជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ដល់មន្ទីរពេទ្យ ហ្លួង ម៉ែ។

លោកជំទាវបណ្ឌិតបានឱ្យដឹងទៀតថា កន្លងមក មន្ទីរពេទ្យអ៉ីនធ័រឃែរ ក៏ធ្លាប់បានផ្តល់ជាថវិកាដល់ កាកបាទក្រហមកម្ពុជា ចំនួន ៥ លានដុល្លារ រួចមកហើយ ក្នុងនោះ កាកបាទក្រហមកម្ពុជា បានយកថវិកាទាំងនេះឧបត្ថម្ភទៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដើម្បីប្រើប្រាស់តាមតម្រូវការនៅក្នុងមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យនេះជាមន្ទីរពេទ្យរដ្ឋថ្មី ដែលទើបតែបង្កើតឡើង។

លោកជំទាវបណ្ឌិត សង្ឃឹមថា ថ្ងៃក្រោយ ទំនាក់ទំនងរវាងមន្ទីរពេទ្យពីរនេះ នឹងមានភាពស្អិតរមួតជាមួយគ្នា ព្រោះថាយើងធ្វើការងារនៅក្នុងវិស័យសុខាភិបាលដូចគ្នា ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ក៏បានគោរពថ្លែងអំណរគុណដល់ប្រតិភូមន្ទីរពេទ្យអ៉ីនធ័រឃែរ ជាពិសេសលោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ ដែលបានចំណាយពេលវេលា ក្នុងការអញ្ជើញនាំយកថវិកា និងអំណោយបរិក្ខារមន្ទីរពិសោធន៍ ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ នាឱកាសនេះ។

លោកនាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ក៏បានជម្រាបជូនអំពីសាវតារខ្លះៗ នៃការបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ដោយលោកបានឱ្យដឹងថា មន្ទីរពេទ្យនេះ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ហើយបើកដំណើរការពេញលេញ ជាមន្ទីរពេទ្យឯកទេស ព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ នៅដើមឆ្នាំ ២០២៥។ មន្ទីរពេទ្យ បានបំពាក់នូវម៉ាស៊ីនព្យាបាលជំងឺមហារីក ដោយកាំរស្មីថ្មី ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយភ្ជាប់កម្មវិធីជំនួយ AI ព្រមជាមួយនឹងវេជ្ជបណ្ឌិតឯកទេសមានវិជ្ជាជីវៈខ្ពស់ ធានាបាននូវសុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជូនដល់អ្នកជំងឺប្រកបដោយទំនុកចិត្ត និងក្តីសង្ឃឹម។

លោកនាយកមន្ទីរពេទ្យ ហ្លួង ម៉ែ បញ្ជាក់ថា មន្ទីរពេទ្យកកើតឡើងមកដល់ពេលនេះ ដោយសារការជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្តរហូតដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យមួយនេះឱ្យមានស្តង់ដារក្នុងការព្យាបាលជំងឺមហារីក។

លោកបន្តថា ទោះជាយ៉ាងណាមន្ទីរពេទ្យនៅតែមានតម្រូវការបន្ថែមនូវឧបករណ៍ពេទ្យដើម្បីឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដារក្នុងការព្យាបាលជំងឺមហារីកគ្រប់ជ្រុងជ្រោយ។ ដូច្នេះការឧបត្ថម្ភរបស់មន្ទីរពេទ្យអ៉ីនធ័រឃែរ នាថ្ងៃនេះ ពិតជាមានតម្លៃ និងសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ ហ្លួង ម៉ែ ឱ្យកាន់តែប្រសើរឡើង។

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យអ៉ីនធ័រឃែរ សូមអរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលបានផ្តល់ឱកាសដល់ក្រុមការងារបានចូលរួមចែករំលែកថវិកា និងបរិក្ខារពេទ្យទាំងនេះ ក្នុងន័យរួមចំណែកជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅ។ លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា នឹងបន្តកិច្ចសហការជាមួយមន្ទីរពេទ្យ ហ្លួង ម៉ែ ជាបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុមនុស្សធម៌។

សូមជម្រាបថា មន្ទីរពេទ្យអ៉ីនធ័រយែរ ឧបត្ថម្ភជូនមន្ទីរពេទ្យ ហ្លួង ម៉ែ នាឱកាសនេះរួមមាន ៖ ថវិកាចំនួន ១៥០,០០០ ដុល្លារ (មួយរយហាសិបពាន់ដុល្លារ) និងម៉ាស៊ីន Incubator ចំនួន ០២ គ្រឿង ម៉ាស៊ីន Waterbath ចំនួន ០១ គ្រឿង ម៉ាស៊ីន Incubator Water Bath ចំនួន ០១ គ្រឿង និងម៉ាស៊ីន Light Microscope ចំនួន ០២ គ្រឿង ដើម្បីផ្តល់សេវាថែរក្សាសុខភាព ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ