សេដ្ឋកិច្ច
ម្ចាស់ចម្ការទុរេនសំឡូតខ្លះ រំពឹងខុស គិតថាឆ្នាំនេះបានទិន្នផលខ្ពស់
ផ្លែទុរេនប្រចាំស្រុកសំឡូត តែងតែមានឈ្មោះបោះសំឡេង ល្បីថាពិតជាឆ្ងាញ់ជាងទុរេនណាៗ ទាំងអស់ ដែលនេះក៏ដោយសារតែអំណោយផល អំពីដី ពូជ និង តំបន់ដីក្រហមផងដែរ បើទោះបីជាបច្ចុប្បន្ននៅលើទីផ្សារក្នុងក្រុងបាត់ដំបង គេសង្កេតឃើញមានការដាក់តាំងលក់ផ្លែទុរេនព្រោងព្រាត ដោយមានទាំងការសរសេរដាក់ថា “ទុរេន សំឡូត” យ៉ាងណាក៏ដោយ ធាតុពិតនៅឯចម្ការ ទុរេនត្រូវកាត់យកមកលក់នៅលើទីផ្សារមានតិចតួចតែប៉ុណ្ណោះ។

អ្នកគ្រូ ឯក ពិសិទ្ធ មានមុខនាទីជាគ្រូបង្រៀនផង និងប្រកបមុខរបរកសិកម្មផង បានឲ្យដឹងថា អ្នកគ្រូបានដាំសាវម៉ាវមួយចំនួន និងមានដើមទុរេននៅក្នុងចម្ការប្រមាណជិត ១០០ ដើម ដែលដំណាំតិចតួចនេះអ្នកគ្រូដាំជាលក្ខណៈគ្រួសារ ដោយពុំមានដីធំដុំដើម្បីប្រកបរបរកសិកម្មឲ្យច្រើនដូចគេនោះឡើយ។

អ្នកគ្រូ ឯក ពិសិទ្ធ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃទោះបីជាអ្នកគ្រូជាប់បំពេញកាតព្វកិច្ចបង្រៀនសិស្ស ឯស្វាមីអ្នកគ្រូគឺជាមន្ត្រីប៉ូលិសក្នុងស្រុកសំឡូត ក៏ដោយ ក៏គ្រួសាររបស់លោកស្រីខិតខំឆ្លៀតពេលដើម្បីធ្វើការដាំដុះការងារកសិកម្មទៅលើដីចម្ការដែលមានបន្តិចបន្តួចស្រាប់។ យោងទៅលើទីតាំងភូមិសាស្ត្រដូច្នេះអ្នកគ្រូផ្ដោតសំខាន់ទៅលើដំណាំសាវម៉ាវ និងដំណាំទុរេន ដោយសារតែតំបន់នេះជាអំណោយផលលើដំណាំនេះផងដែរ។

អ្នកគ្រូបានបន្តថា កាលពីឆ្នាំមុន ដើមទុរេនរបស់អ្នកគ្រូប្រមាណជិត ១០០ ដើមនេះ គឺបានជួបគ្រោះរាំងស្ងួត និងក្តៅហួតហែង ធ្វើឲ្យដំណាំទុរេនរបស់អ្នកគ្រូធ្លាក់ទិន្នផល ដូច្នេះក្នុងមួយឆ្នាំកន្លងទៅ អ្នកគ្រូប្រមូលបានប្រហែល ៣០ តោនប៉ុណ្ណោះ រីឯតម្លៃលើទីផ្សារ ក៏ដូចជាតម្លៃលក់ក្នុងចម្ការផ្ទាល់ ក៏មិនខុសពីឆ្នាំនេះដែរ ដោយឆ្នាំនេះអ្នកគ្រូរំពឹងថា អាចនឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន ផ្ទុយទៅវិញការរំពឹងគិតទុកជាមុននេះមិនបានដូចបំណងឡើយ ដោយសារតែខណៈពេលដើមទុរេនកំពុងចេញផ្កា ក៏ស្រាប់តែមានភ្លៀងធ្លាក់ជាប់ៗ គ្នា ជាច្រើនថ្ងៃ ធ្វើឲ្យផ្កាទុរេនបាក់ធ្លាក់ខូចខាតជាច្រើនដើម ដូច្នេះឆ្នាំនេះទិន្នផលអាចធ្លាក់មិនខុសពីឆ្នាំមុនឡើយ ដោយសារតែគ្រោះធម្មជាតិយាយី។

អ្នកគ្រូបានសង្កត់ធ្ងន់ថា នៅពេលទុរេនផ្លែដើមដៃគឺតម្លៃអាចលក់បានចាប់ពី ២២.០០០ ដល់ ២៥.០០០ រៀល ហើយតទៅមុខតម្លៃអាចនឹងធ្លាក់ជាបណ្ដើរៗ ដោយសារផ្លែទុរេនទុំស្រុះគ្នា ពិសេសគឺនៅថ្ងៃទី ៨ ខែមិថុនា ខាងមុខនេះ អ្នកមានចម្ការទុរេននឹងត្រូវចាប់ផ្ដើមប្រមូលផលព្រមៗ គ្នា ហើយ ដូច្នេះតម្លៃអាចនឹងចុះមកនៅក្រោម ២ ម៉ឺនរៀល ប៉ុន្តែការធ្លាក់ថ្លៃនេះមិនយូរទេ អាចមានរយៈពេលប្រមាណជាងមួយសប្ដាហ៍ប៉ុណ្ណោះ នោះតម្លៃនឹងឡើងមកវិញ។

អ្នកគ្រូបានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមទុរេនជាច្រើនប្រភេទ គឺមានតែពូជម៉ាន់ថងប៉ុណ្ណោះ ដែលគេនិយមទទួលទាន ព្រោះវាមានសាច់រឹង ក្រអូប ផ្អែមឆ្ងាញ់ល្អ បើប្រៀបធៀបទៅនឹងផ្លែខ្នុរ គឺសាច់រឹងដូចខ្នុរណាំង ដូច្នេះពេលប្រជាពលរដ្ឋចុះទៅដល់ចម្ការដើម្បីរកទិញទុរេនញ៉ាំគឺពួកគាត់តែងតែសួររកពូជម៉ាន់ថងទិញយកមកទទួលទាន។ ដោយឡែកទិន្នផលទុរេនរបស់អ្នកគ្រូ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ នេះដោយសារតែគ្រោះធម្មជាតិ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច