ព័ត៌មានជាតិ
ក្រសួងការងារ រង់ចាំការផ្តល់ព័ត៌មានលម្អិតពីអង្គការសង់ត្រាល់លើទិន្នន័យដែលថាពលរដ្ឋខ្មែរ៤៨នាក់ ចាញ់បោកក្រុមមេខ្យល់
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរង់ចាំការផ្ដល់ព័ត៌មានលម្អិតពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជុំវិញទិន្នន័យដែលថា ពលរដ្ឋខ្មែរចំនួន ៤៨នាក់ក្នុងចំណោម ៣០០នាក់ចាញ់បោកក្រុមមេខ្យល់ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដើម្បីជួយសង្រ្គោះជនរងគ្រោះ និងចាត់វិធានការទៅលើជនល្មើសឱ្យបានទាន់ពេលវេលា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា “ក្រសួងស្វាគមន៍ និងថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានរបស់អង្គការដៃគូដែលផ្សព្វផ្សាយអំពីជនរងគ្រោះដែលចាញ់បោកមេខ្យល់រឿងសន្យាទៅធ្វើការនៅប្រទេសកូរ៉េ។ ការផ្សព្វផ្សាយនេះ ជាព័ត៌មានជ្រុងមួយសម្រាប់ផ្ទៀងផ្ទាត់អំពីកម្រិតនៃការពិត និងពេលវេលាដែលបានកើតឡើងថា ជារឿងចាស់ ឬ ថ្មី ឬជារឿងប្រភេទណាមួយ”។
ជាមួយគ្នានេះ លោកបន្តថាក្រសួងនៅរង់ចាំការផ្តល់ព័ត៌មានលម្អិតពីអង្គការដៃគូចំពោះទិន្នន័យដែលថា ពលរដ្ឋខ្មែរចំនួន៤៨នាក់ ក្នុងចំណោម ៣០០នាក់ ចាញ់បោកក្រុមមេខ្យល់សន្យាទៅធ្វើការនៅប្រទេសកូរ៉េ។
ដោយមានសំណួរជាច្រើនដែលត្រូវចោទសួរស្វែងយល់ដូចជា ប្រភពព័ត៌មានដែលច្បាស់លាស់ អត្តសញ្ញាណបងប្អូនទាំង ៤៨រូបមកពីភូមិឃុំណាខ្លះ បុគ្គលណាដែលចេញមុខបោកប្រាស់ពលរដ្ឋខ្មែរ ហើយម្នាក់ៗចាញ់បោកអស់ប្រាក់ប៉ុន្មាន និងវឌ្ឍនភាពនៃការជួយរបស់អង្គការដៃគូដល់ពលរដ្ឋរងគ្រោះជាដើម។
ជាមួយព័ត៌មានទាំងអស់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរ និងផ្នែកពាក់ព័ន្ធផ្សេងទៀត អាចវែកមុខ និងស្វែងរកការពិតដែលឈានដល់ការលុបបំបាត់ ដល់ឫសគល់នៃបញ្ហាព្រោះក្រសួងការងារដែលមានលោករដ្ឋមន្ត្រីជាអ្នកដឹកនាំ មិនអនុញ្ញាតឱ្យមានរឿងនេះកើតឡើង ចំពោះពលរដ្ឋខ្មែរស្លូតត្រង់បានឡើយ ហើយក្រសួងមានឆន្ទៈក្នុងការលុបបំបាត់ និងមិនអត់ឱនឱ្យបុគ្គល ក្រុមហ៊ុន សាលាបណ្តុះបណ្តាល សមាគម និងជនឆ្លៀតឱកាសណាម្នាក់រួចខ្លួនក្រៅសំណាញ់ច្បាប់ឡើយ។
លោកស៊ុន មេសា សង្ឃឹមថា អង្គការដៃគូនឹងចូលរួមសហការជាមួយក្រសួងប្រកបដោយ តម្លាភាព វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាលុបបំបាត់ឱ្យបាននូវអំពើឆបោកនេះដែលជាបំណងដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់