Connect with us

ព័ត៌មានជាតិ

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

បានផុស

នៅ

សួន​រុក្ខជាតិ​អង្គរ​នៅ​ខេត្ត​សៀមរាប​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២២ បាន​ក្លាយ​ជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ពលរដ្ឋ​ និង​ទេសចរ​ទៅ​កម្សាន្ត​។

គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង ១៥ ហិកា សួន​រុក្ខជាតិ​ចម្រុះ​នេះ​ប្រមូល​ផ្តុំ​​ដោយ​រុក្ខជាតិ​រាប់​រយ​ប្រភេទ ខណៈ​សួន​ផ្កា​កុលាប និង​កេសរកូល ជា​គោលដៅ​​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ចិត្ត​ទៅ​ទស្សនា​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាឃ បូរ៉ា មន្រ្តី​គ្រប់គ្រង​សួន​រុក្ខជាតិ​អង្គរ​បាន​បញ្ជាក់​ថា សួន​រុក្ខជាតិ​អង្គរ​បែងចែក​ជា ៥ ផ្នែក​មាន សួន​ឱសថ​និង​គ្រឿងទេស សួន​ផ្កា​ស្មៅ និង​ផ្កា​ចម្រុះ សួន​អម្បូរ​ត្នោត សួន​លំនៅដ្ឋាន​ខ្មែរ​ និង​សួន​ព្រៃឈើ និង​សត្វ​ព្រៃអង្គរ។​

សូន​សួន​រុក្ខជាតិ​អង្គរ​ បាន​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​ថ្មី​បន្ថែម​សម្រាប់​ទេសចរ​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ ពេល​ចូលទៅ​កម្សាន្តនៅ​រមណីយដ្ឋាន​អង្គរ។ បើ​តាម​លោក មាឃ បូរ៉ាទេសចរ​ដែល​មក​ទស្សនា​សួន​រុក្ខជាតិ​អង្គរ​ក្រៅ​ពី​ដើម្បី​កម្សាន្ត​អារម្មណ៍ និង​មួយ​ចំនួន​ក៏​ចូលចិត្ត​មក​ដើម្បី​សិក្សា​ស្វែង​យល់​ពី​រុក្ខជាតិ​កម្រ​ទាំង​ក្នុង​ស្រុក និង​មួយ​ចំនួន​ត្រូវ​បាន​នាំ​មក​ពី​ក្រៅ​ប្រទេស​។

មន្រ្តី​គ្រប់គ្រង​សួន​រុក្ខជាតិ​អង្គរបានគូស​បញ្ជាក់ថា សួន​រុក្ខជាតិ​អង្គរ​បើក​​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​​ទស្សនា​ដោយ​សេរី ដោយ​ចាប់​បើក​ពី​ថ្ងៃ ពុធ ដល់​ថ្ងៃ​ច័ន្ទ និង​សម្រាក​មួយ​ថ្ងៃ​គឺ​ថ្ងៃ​អង្គារ។

“សួនរុក្ខជាតិអង្គរ ” ប្រមូលផ្តុំ​នូវរុក្ខជាតិ​កម្រ ផ្កាភ្ញី និង​ដើមឈើ​ចម្រុះ​​ដែលបាន​នាំយក​មក​ពី​តំបន់​អង្គរ បណ្តា​ខេត្តនានា​ទូទាំង​ប្រទេស និងមួយ​ចំនួនក៏​ត្រូវ​បាន​នាំ​យក​មកពី​ក្រៅប្រទេស​សរុប​មាន​ជាង ៥០០ប្រភេទ ដែលមាន​ដូចជាប្រភេទ​ឈើប្រណិត និង​ឈើ​ព្រៃ​សរុប​ ៥០ ប្រភេទ ឱសថ គ្រឿងទេស និង​បន្លែ ១០០ ប្រភេទ រុក្ខជាតិអំបូរត្នោត ៥០ ប្រភេទ ដើម​ឈើ​ហូប​ផ្លែ ៩០ ប្រភេទ ប្រទាល ៥០ ប្រភេទ កេសរកូល ប៉ប្រក និងវល្លិ៍ ៤០ ប្រភេទ ដើមផ្កា ៥០ ​ប្រភេទ ផ្កា​តាមរដូវ ៤០ ប្រភេទ ​ផ្កាស្មៅ និង​ត្រែង ១០ ប្រភេទ ផ្កា​ខ្មែរ និង​ផ្កា​ក្រអូប ២០ ប្រភេទ ព្រម​ទាំង​រុក្ខជាតិ​ទឹក និង​រុក្ខជាតិ​ផ្សេងៗ​ជាច្រើនទៀតសរុប​រាប់ម៉ឺន​ដើម−គុម្ព។

ដើម្បីបង្កើនភាពទាក់ទាញបន្ថែម​ទៀត​ដល់​ភ្ញៀវ​ដែលមកទស្សនា ក្នុង​បរិវេណ​សួន​ក៏មានរៀបចំ​លម្អដោយកូនភ្នំ ស្រះ ប្រឡាយ​ទឹក ទឹកធ្លាក់​ខ្នាតតូច និង​ប្រព័ន្ធស្រោចស្រព​ស្វ័យប្រវត្តិ ព្រមទាំងសត្វព្រៃនិង​សត្វ​ចិញ្ចឹម​មួយ​ចំនួន​ផងដែរ។

ស្រប​តាមចក្ខុវិស័យ​បង្កើន​ភាពបៃតងក្នុង​រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិ​អប្សរា​គ្រោង​នឹង​ពង្រីក​សួន​រុក្ខជាតិ​អង្គរ​បន្ថែម​រហូត​ទៅដល់​កសិន្ធុ​ខាងត្បូង​នៃ​ប្រាសាទ​អង្គរវត្ត​លើ​ផ្ទៃដីប្រមាណ ១៣០​ហិកតា ដើម្បី​ឲ្យ​សួន​មាន​សក្ដានុពល វិសាលភាព​ធំ​ទូលាយ និង​សម្បូរ​បែប​ជាង​មុន សម្រាប់​ប្រយោជន៍​សាធារណៈជ​នក៏ដូចជាចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម