ព័ត៌មានជាតិ
កិច្ចប្រជុំព្រំដែនគោកកម្ពុជា-ថៃ នឹងរៀបចំនៅពាក់កណ្ដាលខែនេះក្នុងរាជធានីភ្នំពេញ
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បញ្ជាក់ថាកម្ពុជាបានព្រមព្រៀងក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកជាមួយថៃហើយ ដោយទីតាំងគឺនឹងធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា នេះថាការព្រមព្រៀងនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa នៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ។
លោក ជុំ សន្ទរី បញ្ជាក់បន្ថែមថា៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល»។
កម្ដៅព្រំដែនកម្ពុជាថៃបានកើនឡើងជាថ្មីបន្ទាប់ពីទ័ពថៃឆ្មក់ចូលមកបាញ់សម្លាប់កងទ័ពខ្មែរនៅព្រំដែនដែលខ្មែរឈរជើងនៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា។

ថ្លែងក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារបៀបវារៈនៃកិច្ចប្រជុំខាងមុខនេះនឹងត្រូវលើកឡើងពីការយកករណីប្រាសាទតាមានតូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដង ហើយបើថៃមិនយល់ព្រមក៏កម្ពុជានៅតែប្ដឹងទៅដែរ។
សម្ដេចថា៖ «កម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ជៀសបញ្ហានេះដែលអាចក្លាយទៅជាបញ្ហាឈានដល់ជម្លោះប្រដាប់អាវុធជាថ្មី»។

ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាទោះកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី ដោយបច្ចេកទេស និងច្បាប់អន្តរជាតិ តែកម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនរួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធបើសិនជាមានការប៉ុនប៉ងរំលោភលើដែនអធិបតេយ្យភាពកម្ពុជាដោយកម្លាំងប្រដាប់អាវុធដោយភាគីម្ខាងទៀតនោះ។
ក្នុងសមាជនោះផងដែរ ប្រធានសមាជ សម្ដេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យកម្ពុជាប្ដឹងទៅក្រុមប្រឹក្សាសន្ដិសុខបន្ថែមទៀតប្រសិនជាថៃបន្តប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពាន។

គួរឱ្យដឹងផងដែរថាសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមិថុនា សមាជិកនៃអង្គសមាជដែលមានចំនួន១៨២រូបបានលើកដោះបោះឆ្នោតឱ្យមានសេចក្ដីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃ និងគាំទ្រដល់រដ្ឋាភិបាលឱ្យប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


