Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន​អាមេរិក កុំ​ឲ្យវាយ​អ៊ីរ៉ង់ ប្រយ័ត្ន​កើត​មហន្តរាយ​នុយក្លេអ៊ែរ

បានផុស

នៅ

រុស្ស៊ីបានផ្ដែផ្ដាំ​សហរដ្ឋអាមេរិក​មិន​​ឲ្យ​ធ្វើ​ប្រតិបត្តិការ​យោធា​ណា​មួយ​ប្រឆាំងនឹង​អ៊ីរ៉ង់​ឡើយ ដោយព្រមានថា សកម្មភាពបែបនេះអាច«បង្ក​ឲ្យ​មានអស្ថិរភាព»ក្នុង​តបន់​មជ្ឈិមបូព៌ាកាន់តែធំ និងបណ្ដាល​ឲ្យ​​កើត​«មហន្តរាយនុយក្លេអ៊ែរ»។

លោក Sergei Ryabkov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង St Petersburg កាលពីថ្ងៃពុធ​ទី​១៨​ខែ​មិថុនា អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូកំពុងជំរុញ​ឲ្យ​ទីក្រុងវ៉ាស៊ីនតោន បដិសេធពីជម្រើសយោធាដែលរំពឹងទុក។ លោក​បាន​រៀបរាប់​ថា «នេះ​នឹង​ក្លាយ​ជា​ជំហាន​មួយ​ ដែល​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ទាំង​មូល​មានអស្ថិរភាព»។

ចំណែក​ឯ​លោកស្រី Maria Zakharova អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ បាន​​បន្ថែម​ថា​ ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ បាន​នាំ​ពិភពលោក​កៀក​ជិត​​ទៅ​ដល់​គ្រោះ​មហន្តរាយ​​នុយក្លេអ៊ែរ​មែន​ទែន​ហើយ។ លោកស្រី​បានរំលឹកសហគមន៍អន្តរជាតិអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ​នៅ​រោងចក្រ Fukushima របស់​ជប៉ុន​កាល​ពី​ឆ្នាំ​២០១១។ លោកស្រី បាន​លើក​ឡើង​ថា «គ្រឿងបរិក្ខារនុយក្លេអ៊ែរកំពុងត្រូវបានវាយប្រហារ។ តើការព្រួយបារម្ភពីសហគមន៍ពិភពលោកទាំងមូលនៅឯណា? អ្នកបរិស្ថានទាំងអស់នៅឯណា? ខ្ញុំមិនគិត​ថា​ពួកគេនៅឆ្ងាយ ហើយរលក​វិទ្យុសកម្ម​នឹងមិនទៅដល់ពួកគេទេ។ អ៊ីចឹង​សូម​ឲ្យ​ពួកគេអាននូវអ្វីដែលធ្លាប់​កើតឡើងនៅ Fukushima»។

​លោកស្រី Maria Zakharova (រូបថត៖ Reuters)

បើ​តាម​ប្រភព​ពី​មន្ត្រីក្នុងរង្វង់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ ប៉ុន្តែមិនទាន់អនុវត្តទេ ដោយរង់ចាំមើលសិនថាតើ អ៊ីរ៉ង់មានឆន្ទៈមកពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬក៏អត់។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ដែន​អាកាស​​ កំណត់​គោលដៅ​លើ​​​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដើម្បី​បញ្ចៀស​ទីក្រុង​តេហេរ៉ង់​ពី​ការ​ទទួល​បាន​អាវុធ​ប្រល័យ​លោក។ យ៉ាង​ណា​មិញ អ៊ីរ៉ង់​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​តែ​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ពុំ​ផ្ដោត​លើ​ការ​ផលិត​អាវុធ​នោះ​ទេ គឺ​សម្រាប់​តែ​គោល​បំណង​ស៊ីវិល​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម