Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក វាយប្រហារអ៊ីរ៉ង់ចាស់ដៃ ចូលដល់ថ្ងៃទី៦ កម្ទេចស្ពាន និងព្រលានយន្តហោះ ប៉ះទាំងមន្ទីរពេទ្យកុមារ

បានផុស

នៅ

សហរដ្ឋអាមេរិកអាមេរិក បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ឈានចូលដល់ថ្ងៃទី៦ ដោយទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗ នៅអ៊ីរ៉ង់ ខណៈការផ្ទុះធ្វើឲ្យកក្រើកទូទាំងប្រទេសនេះ កម្ទេចទាំងស្ពាន ស្ថានីយរថភ្លើង និងព្រលានយន្តហោះ ព្រមទាំងបង្ខំឲ្យជម្លៀសមន្ទីរពេទ្យកុមារ។

(រូប៖ Reuters)

ទីបញ្ជាការអាមេរិក (CENTCOM) ​នៅតែអះអាងថា ប្រតិបត្តិការរបស់ខ្លួន គឺមានបំណងកម្ទេចយោធារបស់អ៊ីរ៉ង់ និងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz លែងឲ្យទីក្រុងតេហេរ៉ង់ មានសមត្ថភាពគំរាមកំហែងតទៅទៀត។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងការវាយប្រហារយ៉ាងចាស់ដៃថ្មីនេះ, ការផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីតាំងយុទ្ធសាស្រ្តនានា ដូចជា៖

🛑ទីក្រុង Bandar Abbas៖ ការផ្ទុះដ៏ខ្លាំងក្លា ៣លើក បានអង្រួនភាគខាងលិច ទីក្រុងកំពង់ផែដ៏ធំរបស់អ៊ីរ៉ង់ មួយនេះ ដោយបំផ្លាញស្ថានីយរថភ្លើងដ៏សំខាន់មួយ។

🛑ទីក្រុង Bandar Khamir៖ ស្ពានសំខាន់ចំនួនពីរ គឺ Geryveh និង Kahurestan ដែលតភ្ជាប់ទីក្រុងនេះ ទៅកាន់ Shiraz ត្រូវបានវាយប្រហារចំ បណ្តាលឲ្យមនុស្ស ២នាក់ បាត់បង់ជីវិត។

🛑កោះ Qeshm៖ មានសេចក្តីរាយការណ៍អំពីការផ្ទុះ ចំនួន៨លើក នៅជិតភូមិ Masan ពេលដែលយន្តហោះចម្បាំងអាមេរិក កំពុងហោះហើរ នៅលើមេឃ។

🛑ទីក្រុង Bushehr៖ មានការផ្ទុះដ៏ធំចំនួនពីរលើក នៅជិតទីក្រុងដែលជាទីតាំងមានរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលតែមួយគត់ របស់អ៊ីរ៉ង់។

🛑ទីក្រុង Ahvaz៖ គោលដៅនានា នៅតំបន់ជាយក្រុងនៃមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយនេះ ត្រូវបានវាយប្រហារចំ បង្ខំឲ្យមានការជម្លៀសជាបណ្តោះអាសន្ន នូវមន្ទីរពេទ្យឯកទេសជំងឺមហារីកកុមារមួយកន្លែង ដោយសារតែស្ថិតនៅកៀកនឹងទីតាំងគ្រាប់ធ្លាក់ខ្លាំងពេក។

🛑ទីក្រុង Iranshahr៖ គ្រាប់ធំចំនួន៣គ្រាប់ បានធ្លាក់ចំព្រលានយន្តហោះ នៅតំបន់ភាគអាគ្នេយ៍។

សូមជម្រាបថា សង្គ្រាមផ្ទុះឡើងខ្លាំងជាថ្មីនេះ គឺបន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ បានបំពាន MoU ដែលភាគីទាំងពីរ ចុះហត្ថលេខាកាលពីខែមិថុនា តាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅច្រក Hormuz ទើបទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបយ៉ាងចាស់ដៃបែបនេះ។

(រូប៖ Reuters)

យ៉ាងណា អ៊ីរ៉ង់ ក៏សងសឹកវិញ ដោយបាញ់មីស៊ីលនិងបង្ហោះដ្រូន ទៅកម្ទេចទ្រព្យសម្បត្តិយោធា និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម