Connect with us

ព័ត៌មានជាតិ

រំលឹកពី៤៨ឆ្នាំមុន យកជីវិតធ្វើទុនដើម្បីរំដោះជាតិ សម្ដេច ហ៊ុន សែន ថា គ្មានជោគជ័យណា ដែលគ្មានការលះបង់ឡើយ

បានផុស

នៅ

នៅថ្ងៃទី២០ ខែមិថុនានេះ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ព្រឹត្តិការណ៍ កាលពី៤៨ឆ្នាំមុន ដែលជាថ្ងៃសម្តេចបានចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យកឱកាសថ្ងៃនេះ សម្ដេចតេជោ បានលើកឡើងថា គ្មានជោគជ័យណា ដែលគ្មានការលះបង់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរ ភ្ជាប់ដោយរូបថតកាលពីអតីតកាល សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់»។ រំលឹកដល់រឿងរ៉ាវកាលពី៤៨ឆ្នាំមុន សម្ដេចតេជោ ក៏បានបង្ហាញសារឈឺចាប់ និងខ្លោចផ្សា រកពាក្យនិយាយមិនបាន ដែលសម្ដេចបានឆ្លងកាត់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុន ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?»

បើតាមសម្ដេចតេជោ ការយកជីវិតរបស់សម្ដេចធ្វើជាដើមទុននេះ គឺបាននាំយកការរស់រានមានជីវិតរបស់ប្រជាជន និងការនាំយកសន្តិភាពជូនប្រជាជន រហូតមកដល់សព្វថ្ងៃនេះ តាមរយៈនយោបាយឈ្នះឈ្នះ។

ជាដំណាក់កាលថ្មីទៀតនោះ គឺសម្ដេចតេជោ បានយកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ ក្នុងន័យនេះ សម្ដេចតេជោ បញ្ជាក់ដូច្នេះថា «ចូលចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ។

គួរជម្រាបថា នៅថ្ងៃទី២០ ខែមិថុនានេះ ជាខួប៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ដែលសម្ដេចតេជោ ហ៊ុន សែន ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុត ដើម្បីនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចាកចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានឈានឆ្ពោះទៅរកការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា បញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម