Connect with us

ព័ត៌មានជាតិ

អគ្គនាយក CMAC ចុះ​ពិនិត្យ​វឌ្ឍនភាព​ជំនាញ​សុនខ​ហិត​រក​អ្នក​ផ្ទុក​កូ​វីដ​-១៩

បានផុស

នៅ

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ (CMAC) នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ទីតាំង​សុនខ និង​អ្នកជំនាញ​សុនខ​ហិត​រក​អ្នក​ផ្ទុក​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កំចាត់មីន ស៊ីម៉ាក់​កំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ឱកាស​នោះ លោក ហេង រតនា បាន​បញ្ជាក់​ថា ភារកិច្ច​នេះ​ត្រូវ​អភិវឌ្ឍន៍​តាម​ស្តង់ដារ​សុវត្ថិភាព​សុខភាព​សាធារណៈ និង​ដើម្បី​ចូលរួម​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩។

លោក​ថា​ការ​អភិវឌ្ឍ​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​នេះ កំពុងដំណើរការ​ជាមួយ​ក្តីសង្ឃឹម និង​ភាពជឿជាក់។

លោក ហេង រតនា ធ្លាប់​បាន​បញ្ជាក់​ថា ផ្អែក​តាម​បទពិសោធន៍​ជាង​២២​ឆ្នាំ មាន​ទំនុកចិត្ត​អាច​ហ្វឹកហ្វឺន​សុនខ​នៅ​កម្ពុជា ក្នុង​ការ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​បាន ហើយ​អង្គភាព​ស៊ីម៉ាក់ ត្រៀម​សុនខ ត្រៀម​ឯកសារ​ហ្វឹកហ្វឺន រៀបចំ​ទីតាំង​ហ្វឹកហ្វឺន និង​អ្នកឯកទេស​សម្រាប់​បម្រើការងារ​សិក្សា​ស្រាវជ្រាវ​នេះ​រួចហើយ ដោយ​ត្រៀម​ធ្វើការ​សហការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ នៃ​ក្រសួងសុខាភិបាល​។

ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្រុមការងារ​របស់​ក្រសួងសុខាភិបាល (​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​) និង​អង្គភាព​ស៊ីម៉ាក់ បាន​ជួប​ពិភាក្សាគ្នា​ជា​លើក​ទី​១ ដើម្បី​ដំណើរការ​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកទេស​សុ​នខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​។

សូមបញ្ជាក់ថា មាន​ប្រទេស​មួយចំនួន​ដូចជា អាល្លឺម៉ង់ ហ្វា​ឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុង​ប្រើប្រាស់​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​នេះ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម