ព័ត៌មានជាតិ
អ្នកទេសចរណ៍លើកឡើងថា ខេត្តកំពតជាខេត្តគោលដៅទេសចរណ៍កាន់តែទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ
កំពត ៖ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥នេះលោក លាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា មានភ្ញៀវទេសចរណ៍ដែលបានមកលេងខេត្តកំពតក៏បានបង្ហាញអារម្មណ៍របស់ខ្លួនថា ខេត្តកំពតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សំគាល់ ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន ហើយបានជួយផ្សព្វផ្សាយបន្ត ធ្វើឱ្យខេត្តកំពតល្បីរន្ទឺសុសសាយទាំងក្នុង និងក្រៅប្រទេស។

ភ្ញៀវទេសចរដែលជាក្រុមនិស្សិតថ្នាក់អនុបណ្ឌិតនៅខេត្តបាត់ដំបង មកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត បានប្រាប់ឱ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកដល់ខេត្តតារារះទិសនិរតីដ៏ទាក់ទាញមួយនេះ។

ពួកគាត់បញ្ជាក់ថា ពេលបានឃើញខេត្តកំពត នៅលើប្រព័ន្ធផ្សព្វផ្សាយនានា ក៏ចាប់អារម្មណ៍ គិតចង់មកលេងយ៉ាងហោចឲ្យបានម្តង ប៉ុន្តែពេលបានមកដល់ដោយផ្ទាល់ ទើបដឹងថាទេសភាព បរិយាកាស កន្លែងដើរកម្សាន្តនៅខេត្តកំពត ពិតជាបានអន្ទងយកដួងចិត្តរបស់ពួកគាត់កាន់តែខ្លាំង និងមានអារម្មណ៍ថា មិនចង់ទៅវិញទេ ហើយពេលចាកចេញពីរមណីយដ្ឋានណាមួយ ក៏តែងតែនឹកគិតជាស្រេចថា នឹងត្រូវមកលេងទៀតឱ្យបាននៅពេលដ៏សមរម្យណាមួយ។

ពួកគាត់បានសរសើរដល់អាជ្ញាធរខេត្ត ដែលបានរៀបចំខេត្តបានស្អាត ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើន ខណៈដែលសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងខេត្តមានភាពល្អប្រសើរ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានបញ្ជាក់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់លោក ម៉ៅ ធនិន រដ្ឋបាលខេត្តបាននិងកំពុង បន្តអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាកាស្ថាបនាផ្លូវបេតុងតភ្ជាប់ពីក្រុងកំពតទៅឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ និងស្ពានថ្មី ដោយស្ថាបនាផ្លូវរថយន្ត ចិញ្ចឹមផ្លូវក្រាលម៉ាប សួនដើមឈើ សួនអង្គុយលម្ហែ និងផ្លូវម៉ាស្សាបាតជើង១០៦ម៉ែត្រផងដែរ។

ក្រៅពីនេះ រដ្ឋបាលខេត្តកំពតក៏បានគ្រោងនឹងបន្តស្ថាបនាផ្លូវបេតុងមាត់ព្រែកត្រើយខាងលិចផងដែរ ខណៈដែលស្ពានវាងក្រុងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងចាប់ផ្តើមបើការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុនេះ។

បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបានមកលេងខេត្តកំពត មានចំនួនជិត១លាន ៤សែននាក់ គឺកើនឡើង៥% បើបៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤កន្លងទៅ៕
ដោយ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


