Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីចិនម្នាក់ ឈប់រៀនតាំងពីជំទង់ដើម្បីរកលុយជួយឪពុកម្ដាយពិការ ទទួលការសរសើរទឹកចិត្តធំធេង

បានផុស

នៅ

ស្រ្តីម្នាក់មកពីភាគកណ្តាលនៃប្រទេសចិន ដែលចាប់ផ្តើមធ្វើការងារតាំងពីអាយុ៥ឆ្នាំ និងបានចាកចេញពីសាលានៅអាយុ ១៥ឆ្នាំ ដើម្បីផ្គត់ផ្គង់ឪពុកម្តាយពិការ បានផ្ទុះសរសើរព្រោងព្រាត ថាជាមនុស្សសាមញ្ញ និង​ស្មោះ​ត្រង់ ដោយសារការលក់បន្លែនៅក្នុងភូមិកំណើតរបស់នាង។

រូបភាព៖cmp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Li Yayun អាយុ ២៧ ឆ្នាំមកពីខេត្ត Henan ត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា Li Fugui ។ វីដេអូរបស់នាងអំពីជីវិតជនបទ និងការប្រាស្រ័យទាក់ទងដោយស្មោះស្ម័គ្រជាមួយអ្នកភូមិវ័យចំណាស់ បានធ្វើឲ្យនាងទទួលបានអ្នកតាមដានជាង ៧ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក។

ដោយមានការកោតសរសើរចំពោះភាពស្រស់ស្អាត និងបុគ្គលិកលក្ខណៈដ៏កក់ក្តៅ អ្នកគាំទ្របានដាក់រហ័សនាមឲ្យនាងថា «Vegetable Xi Shi» ដោយយោងទៅលើសម្រស់រឿងព្រេងនិទានមួយរបស់ប្រទេសចិនបុរាណ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនដីគោក Jiupai News ឪពុកម្តាយទាំងពីររបស់ Li មានពិការភាពខាងសតិបញ្ញាធ្ងន់ធ្ងរ។ ម្តាយរបស់នាងត្រូវការការថែទាំពេញម៉ោង ខណៈដែលឪពុករបស់នាងដែលមានសមត្ថភាពផ្លូវចិត្តដូចក្មេងអាយុប្រាំមួយឆ្នាំ អាចចំអិនអាហារសាមញ្ញ និងជិះកង់បីអគ្គិសនី។ Li បានចាប់ផ្តើមធ្វើការងារផ្ទះតាំងពីអាយុ ៥ឆ្នាំ ហើយបានចាកចេញពីសាលានៅអាយុ ១៥ ឆ្នាំ ដើម្បីផ្គត់ផ្គង់គ្រួសារ ចាប់យកការងារផ្នែកលក់ តូបសាច់អាំង និងជាអ្នកផាត់មុខ។

ក្រោយមក នាងបានរៀបការនៅអាយុ ១៩ ឆ្នាំ ប៉ុន្តែបានលែងលះគ្នាមួយឆ្នាំក្រោយមក នៅពេលដែលលបុរសជាស្វាមីមិនព្រមចែករំលែកភារកិច្ចមើលថែគ្រួសារ។ បន្ទាប់ពីជីដូនបានស្លាប់នៅឆ្នាំ ២០២០ នាងនិងជីតាបានមើលថែឪពុកម្តាយរបស់នាង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវត្តីបានដើរពីភូមិមួយទៅភូមិមួយជាមួយនឹងរទេះតូចមួយ លក់សម្ភារៈសំខាន់ៗដល់ប្រជាជនចាស់ដែលមិនអាចធ្វើដំណើរបានឆ្ងាយ។ ជាមួយនឹងមនុស្សវ័យក្មេងភាគច្រើនធ្វើការនៅឆ្ងាយ មនុស្សចាស់ជាច្រើនរស់នៅតែម្នាក់ឯង។ នាង​លក់​តៅហ៊ូ មី​ត្រជាក់ បន្លែ និង​នំ​កុម្មង់ ជា​ញឹក​ញាប់​ក្នុង​តម្លៃ​តែ​ប៉ុន្មាន​យន់។

នៅក្នុងវីដេអូរបស់នាង ជារឿយៗ Li Yayun ត្រូវបានគេមើលឃើញថាចំអិនតៅហ៊ូបន្ថែមដល់អ្នកភូមិ ឬឲ្យពួកគេសាកល្បងអាហារដោយឥតគិតថ្លៃ។ នាង​ក៏​ជួយ​ពួក​គេ​ហាល​ស្រូវសាលី ហៅ​ទូរសព្ទ និង​ជួសជុល​ទូរស័ព្ទជាដើម។ មនុស្សជាច្រើនចាត់ទុកនាងដូចជាកូនស្រីរបស់ពួកគេ ហើយជារឿយៗអញ្ជើញនាងទៅញ៉ាំអាហារ។ ការងារជាច្រើនឆ្នាំក្រោមពន្លឺថ្ងៃ បានធ្វើឲ្យដៃរបស់នាងមានសភាពទ្រុឌទ្រោម ហើយស្បែកប្រែពណ៌យ៉ាងជ្រៅ។

មិនតែប៉ុណ្ណោះ រៀងរាល់ថ្ងៃ Li Yayun ធ្វើម្ហូបឲ្យឪពុកម្តាយ បង្រៀនឪពុកឱ្យចេះសរសេរ និងជួយជីតានាងមើលថែដើមឈើហូបផ្លែ។ នាង​ក៏​លក់​ផលិតផល​តាម​អន​ឡាញ ហើយ​ធ្លាប់​រក​ប្រាក់​ចំណូល​ដើម្បី​យក​ជីតា​ទៅ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង។

នៅក្នុងខែមិថុនា Li Yayun បានលុបចោលពាក្យចចាមអារ៉ាមដែលថានាងរកបានច្រើនជាងមួយលានយ័ន (១៤០,០០០ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដោយនិយាយថាប្រាក់ចំណូលរបស់នាងគឺខ្ពស់ជាងបុគ្គលិកការិយាល័យជាមធ្យមបន្តិច។ នាង​បាន​និយាយ​ថា ចំណូល​ទាំង​អស់​បាន​មក​ពី​ការ​លក់​អនឡាញ ហើយ​នាង​មិន​ដែល​ទទួល​យក​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ។ ជាងនេះ នាងក៏បាននិយាយថា ខ្លួនមិនស្វែងរកការអាណិតអាសូរទេ គឺគ្រាន់តែព្យាយាមធ្វើឲ្យជីវិតកាន់តែភ្លឺស្វាងសម្រាប់គ្រួសារតែប៉ុណ្ណោះ។

រឿងរ៉ាវរបស់ Li បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ជាមួយនឹងការបង្ហោះពាក់ព័ន្ធទទួលបានការចូលមើលច្រើនជាង ១០ លានដង។ អ្នកសង្កេតការណ៍តាមអ៊ីនធឺណិតម្នាក់បាននិយាយថា ភាពសាមញ្ញ និងភាពស្មោះត្រង់របស់ Li និងអ្នកភូមិចំណាស់តែងតែជំរុញទឹកចិត្ត។ ស្របពេលដែលម្នាក់​ទៀត​បាន​អត្ថាធិប្បាយ​ថា នាង​គឺ​ដូច​ជា​ផ្កាឈូករ័ត្ន​រីក​នៅ​ក្នុង​ដី​ព្រៃ រឹងមាំ ឯករាជ្យ និង​ស្រស់​ស្អាត៕

រូបភាព៖cmp

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជនបរទេសនៅថៃ ជិះតាក់ស៊ីមិនឲ្យលុយ បែរជាបោះកញ្ឆាជំនួសវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម