ព័ត៌មានអន្ដរជាតិ
ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់
ប្រទេសជាច្រើននៅអាស៊ី រួមមានប្រទេសចិន និងប្រទេសជិតខាងកម្ពុជា ដូចជា វៀតណាម ថៃ កំពុងត្រូវបានវាយប្រហារធ្ងន់ធ្ងរដោយព្យុះទីហ្វុងវីពផា (Wipha) បង្កការខូចខាត និង សម្លាប់មនុស្ស ដែលទាមទារឲ្យមានវិធានត្រៀមបង្ការ ខណៈព្យុះនេះត្រូវបានព្យាការណ៍ថានឹងបក់មកដល់ប្រទេសវៀតណាមនៅល្ងាចថ្ងៃចន្ទនេះ។

យោងតាមការចេញផ្សាយរបស់កាសែត Vietnam Plus នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចេញបញ្ជាជាបន្ទាន់ឲ្យមានការត្រៀមលក្ខណៈទូទាំងប្រទេស ខណៈដែលព្យុះទីហ្វុង ព្យុះវីពផាដ៏ខ្លាំងក្លានឹងបោកបក់មកដល់ភាគខាងជើង និងខាងជើងភាគកណ្តាលប្រទេសវៀតណាម នៅល្ងាចថ្ងៃទី ២១ ខែកក្កដានេះ ។
នៅក្នុងប្រទេសវៀតណាមខ្យល់បក់ឡើងដល់កម្រិតទី១២ និងខ្យល់កួចឡើងដល់កម្រិត១៥ គំរាមកំហែងដល់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ បំណាក់ដី និងការជន់លិចទីក្រុង។ នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងសំខាន់ៗ ដូចជា ការពារជាតិ សន្តិសុខសាធារណៈ កសិកម្ម និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ថ្នាក់ដឹកនាំខេត្តត្រូវបានបញ្ជាឱ្យផ្លាស់ទីកប៉ាល់ ទូកនេសាទ និងកប៉ាល់ទេសចរណ៍ទាំងអស់ទៅកន្លែងសុវត្ថិភាព និងហាមមិនឱ្យមានសកម្មភាពតាមសមុទ្រ។ ចំពោះនៅលើដីវិញ ទីក្រុង និងខេត្តត្រូវបានណែនាំឲ្យគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ។ រីឯក្រសួងកសិកម្ម និងបរិស្ថានត្រូវតាមដានព្យុះ និងផ្តល់ព័ត៌មានទាន់ពេលដល់កសិករ ដើម្បីការពារប្រព័ន្ធធារាសាស្ត្រ និងកសិកម្ម។

នៅក្នុងប្រទេសថៃឯណោះវិញ ព្យុះទីហ្វុងវីពផា បានបន្ទាបកម្រិតទៅជាព្យុះត្រូពិកបណ្តាលឱ្យមានអាកាសធាតុអាក្រក់នៅក្នុងប្រទេសថៃ សម្លាប់អ្នកទេសចរចិនពីរនាក់។ អ្នកទេសចរដែលបានស្លាប់ទាំងពីររួមមានអ្នកស្រី Wang Yang អាយុ ៥៣ ឆ្នាំបានស្លាប់បន្ទាប់ពីខ្យល់បោកបក់រលំដើមឈើសង្កត់លើលោកស្រី និងស្វាមី ខណៈដែលពួកគេកំពុងសម្រាកលំហែកាយនៅលើកោះ Koh He ខេត្តភូកេត។ ចំណែកនៅក្នុងខេត្ត Krabi ក្បែរនោះ លោក Shin Yushi អាយុ ៣៤ឆ្នាំ បានលង់ទឹកស្លាប់ បន្ទាប់ពីត្រូវបានទឹកសមុទ្រ បោកបក់ទៅបាត់ ខណៈកំពុងហែលទឹកនៅកោះ Lanta ។
ព្យុះនេះក៏បានបណ្ដាលឲ្យលិចទូកដឹកទំនិញដែលកំពុងធ្វើដំណើរទៅកាន់កោះ Phi Phi ផងដែរ ប៉ុន្តែអ្នកបើកបរទូកត្រូវបានជួយសង្គ្រោះ បន្ទាប់ពីតោងជាប់នឹងធុងប្លាស្ទិកអស់រយៈពេល ៤ម៉ោង។

ដើម្បីជាការប្រុងប្រយ័ត្នអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម និងភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង ម៉ាកាវ និង ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានលុបចោលជើងហោះហើររាប់រយចាប់តាំងពីម្សិលមិញ មកទល់ព្រឹកថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ព្យុះវីពផា បានវិវត្តក្លាយជាព្យុះទីហ្វុងកាលពីព្រឹកថ្ងៃអាទិត្យ ជាមួយនឹងកម្លាំងខ្យល់កន្រ្តាក់ ១២០ គីឡូម៉ែត្រក្នុងម៉ោង ដោយវាយប្រហារនៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង រួចបន្តបក់បោកមកភាគខាងត្បូងខេត្តក្វាងស៊ី ហើយរំកិលខ្លួនចូលក្នុងឈូងសមុទ្រតុងកឹងព្រឹកថ្ងៃចន្ទនេះ ដោយរំពឹងថានឹងឆ្ពោះទៅភាគខាងជើងនៃវៀតណាមបន្ទាប់ ក្នុងកម្រិតជាព្យុះត្រូពិក៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


