Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី ៣ សីហានេះ ពលករខ្មែរបន្តវិលចូលស្រុកវិញយ៉ាងច្រើនតាមច្រកព្រំដែនអន្តរជាតិដូង

បានផុស

នៅ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ អញ្ជើញចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករ លោក សុខ លូ ក៏បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។

បងប្អូនពលករដែលវិលចូលស្រុកកំណើត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។ លើសពីនេះ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។

រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ។

សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាព។

តាមរបាយការណ៍បឋមពីក្រសួងការងារ អំឡុងផ្ទុះសង្គ្រាមកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ មានពលរដ្ឋ និងពលករខ្មែរវិលចូលស្រុកវិញប្រមាណ ៤៣ ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម