Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យករណីជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ ២០២៥

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​អះអាងថា បច្ចុប្បន្ននេះ​ កម្ពុជា​ កំពុងស្ថិត​ក្នុងស្ថានភាព​ឈានទៅ​សូន្យ​ករណី​ជំងឺគ្រុនចាញ់​នា​ដំណាច់ឆ្នាំ ​២០២៥​ នេះ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១២ ​សីហា​ នេះ​ថា ​ការ​ឈានទៅ​សូន្យ​ករណី​ជំងឺគ្រុនចាញ់​នា​ដំណាច់ឆ្នាំ ​២០២៥​ នេះ​ ដោយសារ​ការយកចិត្តទុកដាក់ និង​គាំទ្រ​ខ្ពស់​ពី​ក្រសួង​សុខាភិបាល និង​មាន​កិច្ចសហការ​ពេញលេញ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ក្រោម​ការ​យន្តការ​សម្រប​សម្រួល​អភិបាលកិច្ច​តម្រង់​ទិស​បច្ចេកទេស​ផ្ទាល់​ជាប្រចាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ គឺ​ ជំងឺគ្រុនចាញ់​ កំពុង​ឆ្ពោះទៅ​សូន្យ​ករណី​ នៃ​ការ​ចម្លង​ក្នុង​តំបន់ និង​ក៏​កំពុង​បន្ត​ឈានទៅ​សូន្យ​ករណី​ក្នុង​គ្រប់​ភូមិសាស្ត្រ​ទូទាំងប្រទេស​នា​ដំណាច់ឆ្នាំ ២០២៥ ដែល​ជា​គោលដៅ​ចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាងនេះទៀត ​កម្ពុជា មាន​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ ដែល​កំពុង​ប្រតិបត្តិ​នេះ គឺជា​ត្រីវិស័យ​ដ៏​ត្រឹមត្រូវ ដែល​សមស្រប​តាម​យុទ្ធសាស្ត្រ​តំបន់ និង​សកលលោក។ មុន​ពេល​មាន​យុទ្ធសាស្ត្រ​នេះ​ កម្ពុជា មាន​ករណី​ជំងឺគ្រុនចាញ់​រាយការណ៍​មាន​ជិត ២០ ​ម៉ឺន​ករណី ក្នុង​មួយ​ឆ្នាំ (​ជា​មធ្យម​មាន ១៣ ម៉ឺន​ករណី​ ក្នុង​មួយឆ្នាំៗ​) និង​ស្លាប់ ៧០០ – ៨០០ នាក់ ​ក្នុង​មួយឆ្នាំ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បាន​ពន្យល់ថា ក្រៅពីនេះ​យើង​បាន​បន្ថែម​វិធីសាស្ត្រ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សំបុក​ចម្លងជំងឺ​គ្រុនចាញ់​ឱ្យបាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​វិធី​ការពារ​ជំងឺគ្រុនចាញ់ ផ្តល់​ថ្នាំ​បង្ការ​ការពារ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ខ្ពស់​ជាងគេ​ទៅនឹង​ជំងឺគ្រុនចាញ់​ ក៏ដូចជា​ផ្តល់​មុង​ជ្រលក់​ថ្នាំ​ដល់​ប្រជាពលរដ្ឋ​មាន​មុខ​របរ​ចូល​ព្រៃ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ជាមួយគ្នានេះ ការ​មាន​សម្ភារៈ​គ្រប់គ្រាន់​ដូចជា​ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​គ្រុនចាញ់ ​និង​ឱសថ​ព្យាបាល​ជំងឺគ្រុនចាញ់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដោយសារ​មានការ​ចូលរួម​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ទីរ​សុខាភិបាល រាជធានី​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ​អង្គការ​ដៃគូ​ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់ ទើបបាន​ធ្វើ​ឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា «​យើង​កំពុងស្ថិត​លើ​មាគ៌ា​ត្រឹមត្រូវ​ សង្ឃឹមថា​លុបបំបាត់​បាន។ យើង​កំពុង​សស្រាក់សស្រាំ​ណាស់ តាមដាន​ស្ថានភាព និង​រុករក​ជំងឺគ្រុនចាញ់​»។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល សង្ឃឹមថា កម្ពុជា នឹង​អាច​លុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យ​អស់ទាំង​ស្រុង នៅ​ឆ្នាំ ២០២៥​ ដោយសារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បាន​កាត់បន្ថយ​ករណី​ជំងឺគ្រុនចាញ់​ថយ​ចុះ​ស្ទើរ​មួយ​រយ​ភាគរយ និង​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ ប្រសិនបើ​មិនមាន​វិបត្តិ​អ្វីមួយ​មក​រារាំង​ឧបសគ្គ​នោះ។

គួរ​បញ្ជាក់​ថា ​ក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២៥ កម្ពុជា មាន​ករណី​ជំងឺគ្រុនចាញ់​ជាង ១០ ករណី និង​គ្មាន​អ្នក​ស្លាប់​តាំងពី​ឆ្នាំ ២០១៨ មក ថយ​ចុះ ៩៤% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦ ខែ​ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម