Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីនិងអ៊ុយក្រែនបន្ត​វាយ​ប្រហារ​គ្នា​យ៉ាង​ចាស់ដៃ មួយ​ថ្ងៃមុន​ជំនួប​ត្រាំ-ពូទីន​នៅ​អាឡាស្កា

បានផុស

នៅ

រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារផ្នែកយោធា ប្រឆាំងគ្នាទៅវិញទៅមក ត្រឹមតែមួយថ្ងៃ​មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងជួបប្រជុំគ្នា​នៅរដ្ឋ​អាឡាស្កានាថ្ងៃសុក្រទី​១៥​ខែ​សីហា​ឆ្នាំ​២០២៥។

ភ្លើងឆេះរថយន្តនៅ​ក្រុង Belgorod ប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារអ៊ុយក្រែនកាលពីថ្ងៃទី១៤សីហា (រូបថត៖ ការិយាល័យអភិបាលក្រុង Belgorod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហាររវាង​ភាគី​ទាំង​ពីរ រួមមាន ការវាយប្រហារដោយមីស៊ីល និង​យន្តហោះគ្មានមនុស្សបើក ដែលបណ្តាល​ឲ្យ​មានជនស៊ីវិលស្លាប់និងរង​​របួស ព្រមទាំង​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

រុស្ស៊ី បាន​រាយការណ៍​ថា យន្តហោះ​គ្មាន​មនុស្សបើក​របស់​អ៊ុយក្រែន បើក​ការវាយប្រហារ​លើ​ទីក្រុង​ចំនួន​៤​​របស់​ខ្លួន ដូចជា Kursk Oblast (ស្លាប់​ស្ត្រី​ម្នាក់ និង​របួស​១០​នាក់), Rostov-on-Don (របួស​១៣​នាក់), Belgorod (របួស​៣​នាក់) និង Volgograd (ឆេះ​រោងចក្រ​ចម្រាញ់​ប្រេងមួយ​កន្លែង)។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ខែល​អាកាសរបស់ខ្លួន​ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន​បាន​ចំនួន ៤៤​គ្រឿង។ យ៉ាង​ណាមិញ រុស្ស៊ី​​មិនបានបង្ហាញពីចំនួនសរុប​នៃ​យន្តហោះគ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន ឬទំហំនៃការខូចខាតពិត​ប្រាកដ​នោះ​ទេ។

ចំណែក​ឯ​ទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក Shaded និងមីស៊ីលបញ្ឆោត​ចំនួនសរុប ៤៥គ្រឿង/គ្រាប់ ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង Chernihiv, ទីក្រុង Kiev នៃតំបន់ Donetsk, និង​ទីក្រុង Sumy។ តាមសេចក្តីរាយការណ៍ កងការពារដែនអាកាសអ៊ុយក្រែន បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ២៤គ្រឿង ប៉ុន្តែ​ ២១គ្រឿងផ្សេងទៀត រួមជាមួយនឹងមីស៊ីល គឺ​ទប់​មិន​ជាប់​ឡើយ។

គួរ​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​ កើត​ឡើង​នៅ​មុន​ជំនួប​ទល់​មុខ​គ្នា​លើក​ដំបូង​រវាង​លោក ត្រាំ និង​លោក ពូទីន គិត​ចាប់​តាំង​ពី​កិច្ច​ប្រជុំ​កំពូល G20 ឆ្នាំ​២០១៩​នៅ​ប្រទេស​ជប៉ុន។ ចំណុចពិភាក្សាសំខាន់ៗនៃ​ជំនួប​លើក​នេះ នឹងរួមបញ្ចូល​បញ្ហា​ជម្លោះអ៊ុយក្រែន សន្តិសុខនិងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខអន្តរជាតិ៕

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី, លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ AP/Reuters/EPA)

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ សង្ឃឹមខ្ពស់ថា ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម