Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការអប់រំកុមារជាមូលដ្ឋានគ្រឹះសំខាន់ សម្រាប់សិស្សសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់នៃការអប់រំកុមារតូច ដោយគូសបញ្ជាក់ថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្សឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ក្នុងការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដែលរួមដូចជាការគិតស៊ីជម្រៅ និងជំនាញដោះស្រាយបញ្ហាជាដើម។ ខណៈដែលទាំងអស់នេះ គឺជាស្ពានដើម្បីឱ្យសិស្សត្រៀមខ្លួនរួចរាល់ក្នុងដំណើរសិក្សាបន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ ឆ្នាំសិក្សា២០២៤-២០២៥ នៅថ្ងៃទី១៦ សីហានេះ លោកស្រី បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា ការបង្រៀនកុមារតូចត្រូវមានវិធីសាស្ត្របង្រៀនច្បាស់លាស់ ដូចជាការរៀនតាមរយៈការលេងដែលនឹងជួយឱ្យកុមារមានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុម ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ទាំងក្នុងកម្រិតថ្នាក់មតេ្តយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។

លោកស្រីបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការលើកកម្ពស់ និងពង្រីកនូវសេវាក៏ដូចជាគុណភាពនៃការអប់រំចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សា និងផ្តោតសំខាន់ទៅលើការផ្តល់ឱកាសដល់កុមារតូចទទួលបាននូវការអប់រំ ដែលចាប់ផ្តើមចេញពីមតេ្តយ្យសិក្សាទៅ ដើម្បីឆ្លើយតបទៅនឹងបរិវត្តឧស្សាហកម្មទី៤.០ និងសម័យឌីជីថលដែលការអប់រំមានការប្រែប្រួលជាច្រើន។

លោកស្រីបណ្ឌិតបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងកំណើនទីផ្សារការងារ ការប្រកួតប្រជែង រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងប្រទេសឱ្យបានកាន់តែច្រើន ដែលជាអាទិភាពចម្បងបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកស្រីបណ្ឌិតបានបន្ថែមទៀតថា «ថ្មីៗនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំគិតគូរថែមទៀតទៅលើការពង្រីកសេវាទារកដ្ឋាន ដោយចាប់ផ្ដើមចេញពីទារកដ្ឋាននៅតំបន់រោងចក្រសហគ្រាស ដោយផ្តល់ឱកាសដល់កុមារក្រោមអាយុ ៣ឆ្នាំ និងទុកឱកាសដល់មាតាបិតាសម្រួលបន្ទុក» ។

លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការបានជំរុញឱ្យ ក្មួយៗបន្តខិតខំសិក្សាបន្ថែមទៀតដើម្បីបន្តភាពជោគជ័យនាពេលអនាគតស្រមតាម អនុសាសន៍របស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាដែលបានលើកឡើង ថា«ប្រសិនបើចង់ឱ្យប្រទេសជាតិរីកចម្រើន រឹងមាំខ្លាំងក្លា សូមឱ្យកូនៗសិស្សានុសិស្សទាំងអស់គ្នា ខិតខំប្រឹងប្រែងរៀនសូត្រ ដោយប្រទេសជាតិយើងខ្លាំង លុះត្រាតែធនធានមនុស្សខ្លាំងផងដែរ»៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម