Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងសាងសង់ស្ពានឆ្លងសមុទ្រ​ ១ ប៊ីលាន​ដុល្លារ ​ដើម្បីភ្ជាប់កោះយោធា

បានផុស

នៅ

វៀតណាម​បាន​បើកបង្ហាញគម្រោង​សាងសង់ស្ពានឆ្លងសមុទ្រប្រវែងជិត ២០ គីឡូម៉ែត្រ ដោយ​តភ្ជាប់ពីខេត្តភាគខាងត្បូង កាម៉ាវ (Ca Mau) ទៅកាន់កោះ Hon Khoai ដែលវៀតណាមបាន​បិទធ្វើជាតំបន់យោធាជាយូរមកហើយ​ ក្នុងសមុទ្រចិនខាងត្បូង (វៀតណាមហៅសមុទ្រខាងកើត)។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

គម្រោង​ ដែល​ដាក់ដំណើរការកាលពីថ្ងៃទី ១៩ សីហា ​នេះ នឹង​សាងសង់ស្ពានកាត់សមុទ្រស្របតាម​ស្ដង់​ដារ​អន្តរជាតិដែលមាន​ ៤ គន្លង ក្នុងតម្លៃប្រហែល ១ ប៊ីលាន​ដុល្លារ។

ស្ពាននេះនឹងឡើងពីផ្លូវល្បឿនលឿន​ Ca Mau-Dat Mui ​​ធ្លាក់ចូលទៅក្នុងសមុទ្រ ភ្ជាប់ទៅកោះ មុន Hon Khoai ក្នុងប្រវែងសរុប ១៨ គីឡូម៉ែត្រ ដោយ​រំពឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨។ ​

ការសាងសង់ស្ពាន Hon Khoai នឹងត្រូវ​គ្រប់គ្រង​ដោយយោធាវៀតណាម ពោលគឺ កងពលលេខ១២ ក្រោមក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវកំពង់ផែទឹកជ្រៅដ៏សំខាន់មួយនៅលើកោះ Hon Khoai ដែលមានចំណតប្រវែង ១ ០០០ ម៉ែត្រ ​សម្រាប់នាវាកុងតឺន័រមានទម្ងន់ផ្ទុក ២៥០ ០០០ ​DWT ​​ជាមួយ​នឹង​សមត្ថភាពដាក់ទំនិញ​ប្រចាំឆ្នាំ ២០ លានតោន។ ​

រួមគ្នា​ជាមួយកំពង់ផែ និងផ្លូវល្បឿនលឿន គម្រោងស្ពាន​ Ca Mau-Hon Khoai នឹងបង្កើតច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយពីភាគខាងជើងរបស់វៀតណាមទៅចំណុចភាគខាងត្បូងបំផុតរបស់ប្រទេស ដោយ​ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខក្នុងតំបន់។

បើតាម VnExpress វានឹង​ក្លាយជាស្ពានឆ្លងសមុទ្រវែងជាងគេ​នៅវៀតណាម និងវែងជាងគេទី៣នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien របស់​ប្រ៊ុយណេ (៣០ គីឡូម៉ែត្រ) និងស្ពាន Sultan Abdul Halim Muadzam Shah របស់​ម៉ាឡេស៊ី (២៤ គីឡូម៉ែត្រ)​។

គួរគូសបញ្ជាក់ថា Hon Khoai ​​គឺជាកូនកោះតូចមួយ ដែល​មានចម្ងាយជាង ១០ គីឡូម៉ែត្រពីឆ្នេរខេត្ត Ca Mau និងមាន​ទំហំផ្ទៃដី ៤ គីឡូម៉ែត្រការ៉េ ដោយមាន​ចំំណុចខ្ពស់បំផុត ៣១៨ ម៉ែត្រពីលើ​នីវ៉ូទឹកសមុទ្រ។ កោះនេះ​គ្មាន​ជនស៊ីវិលធម្មតារស់នៅទេ ​មាន​តែកងកម្លាំងយោធាវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម