Connect with us

ព័ត៌មានជាតិ

វិធានការសំខាន់ៗ ១១ ចំណុច ក្រសួងការងារ ដាក់ចេញក្នុងការជួយ ពលករខ្មែរត្រឡប់មកពីថៃ ឱ្យមានការងារធ្វើ

បានផុស

នៅ

ខណៈ​ពេល​ដែល​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ ប្រមាណ​ជាង ៩២ ម៉ឺន​នាក់ តើ ក្រសួង​ការងារ បាន​ដាក់​ចេញ​វិធានការ​អ្វីខ្លះ ដើម្បី​ជួយ​ពួកគាត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំងពី​ពលករ​ខ្មែរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រសួង​ការងារ បាន​ដាក់​ចេញ​វិធានការ​សំខាន់ៗ ចំនួន ១១ ចំណុច រួមមាន ៖ ១.ការ​ដាក់​ចេញ​នូវ​សេចក្ដីជូនដំណឹង​ស្ដីពី​ឱកាស​ការងារ និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ។ ២.ការ​ដាក់​ពង្រាយ​នូវ​មណ្ឌល​សំចត និង​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រក​អន្តរជាតិ​កម្ពុជា​-​ថៃ ទាំង ៦ ច្រក។ ៣.ការ​ដាក់​ចេញ​នូវ​វេទិកា​ការងារ​តាម​ភូមិ​-​ស្រុក ជុំ​ទី ១ និង​ជុំ​ទី ២។ ៤.សេចក្តីអំពាវនាវ​អំពី​ការទប់ស្កាត់​ការរើសអើង និង​ការ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ។ ៥.លិខិត​ចំហ​ជូន​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ និង​អ្នកប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ថៃ អំពី​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​មក​លើ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ថៃ។ ៦.សេចក្ដី​ជូន​ដំណឹង​ស្ដីពី​អំពើ​ល្មើសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ៧.សេចក្ដីជូនដំណឹង​ស្ដីពី​ការ​លើកលែង​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ការ​ដាក់ពាក្យ​ធ្វើការ​ចំពោះ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ។ ៨.សេចក្តីណែនាំ​ស្តីពី​ការ​សហការ​ផ្ដល់​ព័ត៌មាន​ឱកាស​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ។ ៩.ប្រជុំពិភាក្សា​ជាមួយ​ក្រសួងមហាផ្ទៃ​អំពី​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ។ ១០.វេទិកា​ជាមួយ​សហជីព និង​ប្រតិភូ​បុគ្គលិក ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ។ ១១.យុទ្ធនាការ​ជំរុញ​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដោយ ស​.​ស​.​យ​.​ក ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

វិធានការ​ទាំងនេះ បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ​ក្នុង​ការ​ជួយ​រក​ការងារ​ធ្វើ និង​ផ្តល់​កិច្ច​គាំពារ​ផ្សេងៗ ដល់​ប្រជាជន​ខ្មែរ ជាពិសេស​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា វិធានការ​ទាំងអស់​នេះ បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ។

អ្នកនាំពាក្យ​រូប​នេះ បាន​គូស​បញ្ជាក់​ថា “​ការ​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​នេះ គឺ​បាន​បង្ហាញ​ពី​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្ដម​រដ្ឋមន្ត្រី ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ធ្វើ​យ៉ាងណា​ជួយ​ពលករ​ដែល​មកពី​ថៃ​រក​ការងារ​ធ្វើ​ឱ្យ​បាន​”។

លោក​បាន​បន្ថែម​ថា ក្រោយពី​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ក្នុង​ការ​ជួយ​ពលករ​ខ្មែរ ក្រសួង​ការងារ បាន​និង​កំពុង​ដាក់​ចេញ និង​អនុវត្ត​វិធានការ​សំខាន់ៗ បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ។

អ្នកនាំពាក្យ ថ្លែង​ថា “​ក្រសួង​ការងារ បាន​និង​កំពុង​បំពេញ​វិធានការ​សំខាន់ៗ ៣ បន្ថែម​ទៀត ដូចជា ការ​បើក​វេទិកា​ការងារ​ប្រចាំថ្ងៃ​នៅ​តាម​បណ្តា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ទីស្នាក់ការ​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​តាម​បណ្តា​ខេត្ត-ក្រុង ការ​ចុះ​វេទិកា​ការងារ​ជុំ​ទី ៣ និង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើតាម​លេខ Hotline ១២៩៧”។

គិត​មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ប្រមាណ ៩២ ម៉ឺន​នាក់ បាន​វិលត្រឡប់​មកដល់​កម្ពុជា​វិញ ក្នុង​នោះ​មាន​ក្មេង ៥ ម៉ឺន​នាក់ និង​អ្នកមាន​អាយុ ៤៥ ឆ្នាំ ឡើង ចំនួន ២៥ ម៉ឺន​នាក់។ តាមរយៈ​យុទ្ធនាការ​របស់​ក្រសួង​ការងារ មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​ទទួល​បាន​នូវ​ឱកាស​ការងារ​ជា​បន្តបន្ទាប់។

យ៉ាងណាក៏ដោយ ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល បាន​ប្ដេជ្ញា​ចិត្ត​ខ្ពង់​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​សូម​ស្នើ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ផ្សព្វផ្សាយ​លេខ ១២៩៧ ឬ ជួយ​ចុះឈ្មោះ​ចូល​ធ្វើការ​ជូន​ពលករ ឬ ប្រជាជន​ខ្មែរ មិន​ទាន់​មាន​ការងារ​ធ្វើ​តាមរយៈ​តេ​ឡេ​ក្រាម​របស់​ក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម