Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ មិនលើកទឹកចិត្តឱ្យបេក្ខជនតវ៉ាលទ្ធផលប្រឡងបាក់ឌុប ខាងមុខនោះទេ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា មិនលើកទឹកចិត្តឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ធ្វើការតវ៉ាទាក់ទងនឹងលទ្ធផលប្រឡងដែលគ្រោងនឹងប្រកាសនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥នៅទូទាំងប្រទេស។ ការមិនលើកទឹកឱ្យមានសកម្មភាពបែបនេះ ដោយក្រសួងអះអាងថា មិនថាដំណើរការប្រឡង និងអត្រាធ្វើកំណែសន្លឹកកិច្ចការរបស់បេក្ខជន គឺប្រព្រឹត្តទៅដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា  ប្រាប់កម្ពុជាថ្មី មិនខុសពីបណ្តាលឆ្នាំមុនៗនោះទេ ក្រសួងមិនលើកទឹកចិត្តឱ្យមានការធ្វើការតវ៉ាទៅលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះឡើយ។លោកស្រីបញ្ជាក់ថា៖«ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ដំណាក់កាលប្រព្រឹត្តិទៅតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ហើយក្រសួងអប់រំ តែងតែយកចិត្តទុកដាក់នូវគ្រប់ដំណាក់កាលទាំងអស់ ដោយមានការសហការចូលរួមយ៉ាងជិតស្និទ្ធពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយធ្វើយ៉ាងណាឱ្យដំណើរការនៃការប្រឡងមានភាពសុក្រឹត្យ ក៏ដូចជាស្របតាមគោលការណ៍អ្នកចេះគឺជាប់»។

បុគ្គលិកអប់រំធ្វើកំណែសន្លឹកកិច្ចការបេក្ខជន

គួរជម្រាបថា ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ដំណើរការបោះពុម្ពលទ្ធផលប្រឡងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ហើយការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញានៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី​៤ ខែ កញ្ញានេះ បុគ្គលិកអប់រំបន្តដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង១០ រាជធានីភ្នំពេញ។

គួរជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅរយៈពេលពីរ កាលពីថ្ងៃទី ២៨-២៩ សីហា ឆ្នាំ ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)៕

 អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម